(បាងកក)៖ ប្រទេសថៃនៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ប្រមាណ ២៨៧នាក់ថ្មីទៀត ដែលសុទ្ធសឹងតែជាករណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍។

លោក ថាវីស៊ីព វីសានុយោធីន (Taweesilp Visanuyothin) អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រង COVID-19 របស់ប្រទេសថៃបានគូសបញ្ជាក់ថា ករណីឆ្លងទាំង ២៧៨នាក់ខាងលើនេះ គឺសុទ្ធតែត្រូវបានរាយការណ៍ ចេញពីបណ្តាខេត្ត-ក្រុងដែលកំពុងផ្ទុះករណីឆ្លង COVID-19 ធ្ងន់ធ្ងរជាងគេ ដោយក្នុងនោះខេត្តសាមុតសាខនមាន ៥២ករណី, ទីក្រុងបាងកក ៣១ករណី, ខេត្តអាំងថុង ០៦ករណី និងខេត្តសាមុតប្រាកាន ០៩ករណី។

គួរបញ្ជាក់ថា ក្រៅពីការព្យាយាមទប់ស្កាត់ករណីឆ្លងក្នុងស្រុក អាជ្ញាធរថៃក៏កំពុងព្យាយាមទប់ស្កាត់ ករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានរកឃើញស្ទើររាល់ថ្ងៃផងដែរ។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ១០,៨៣៤ករណី ក្នុងនោះស្លាប់ ៦៧នាក់ និងជាសះស្បើយឡើងវិញ ៦,៧៣២នាក់។ ប្រទេសថៃបានរកឃើញករណីឆ្លង COVID-19 ជាលើកដំបូងកាលពីអំឡុងខែមករា ឆ្នាំ២០២០៕