(ហ្សាការតា)៖ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះបាននិយាយថា យន្ដហោះ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលបានធ្លាក់ចូលក្នុងសមុទ្រកាលពី ០៣ថ្ងៃមុន បានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពហោះហើរ កាលពីខែធ្នូកន្លងទៅ ខណៈក្រុមអ្នកមុជទឹក កំពុងស្វះស្វែងរកប្រអប់ខ្មៅទាំងពីរ នៃយន្ដហោះនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

យន្ដហោះ Boeing 737-500 ដឹកមនុស្សសរុប ៦២នាក់ ក្នុងនោះរួមមានអ្នកដំណើរ ៥០នាក់ និងក្រុមការងារអាកាសយានិក ១២នាក់ បានធ្លាក់ចូលក្នុងសមុទ្រជា្វ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ៤នាទីបន្ទាប់ពីហោះចាកចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា។ ក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារនេះថា យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ស្រ៊ីវីចាយ៉ា ខាងលើនេះ ត្រូវបានបញ្ឈរជើងនៅចន្លោះពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២០ ដោយសារ COVID-19 ហើយយន្ដហោះនេះបានទទួលការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពហោះហើរ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងខាងលើបានបន្ថែមទៀតថា យន្ដហោះ Boeing 737-500 បានចាប់ផ្ដើមហោះហើរ ០៥ថ្ងៃ ក្រោយការត្រួតពិនិត្យសុវត្ថិភាព ដោយគ្មានដឹកអ្នកដំណើរនោះឡើយ ហើយក្រោយមកទើបចាប់ផ្ដើមជើងហោះហើរពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

គួរបញ្ជាក់ថា បើតាមការស៊ើបអង្កេតបឋមរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូន នៃប្រទេសឥណ្ឌូណេស៊ី ម៉ាស៊ីនយន្ដហោះ Boeing 737-500 នៅតែដំណើរការនៅឡើយ នៅពេលបុកទង្គិចនឹងផ្ទៃទឹកសមុទ្រ ដោយផ្អែកទៅលើការពិនិត្យ បំណែកយន្ដហោះដែលខូចខាត។ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីមូលហេតុធ្លាក់ នៃយន្ដហោះខាងលើនេះទេ ហើយក្រុមអ្នកមុជទឹកឥណ្ឌូណេស៊ី កំពុងស្វះស្វែងរកប្រអប់ខ្មៅទាំង ២ ផងដែរ៕