(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសបេក្ខភាពអ្នកដែលត្រូវស្នងតំណែងប្រធានទីភ្នាក់ងារ CIA គឺលោក William Burns អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាេមរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Hill នៅយប់ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០

ក្រុមផ្លាស់ប្តូររបស់ លោក Biden បានកត់សម្គាល់ឃើញថា លោក Burns ដែលជាអ្នកការទូតអាជីព ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានបម្រើការនៅក្នុងអង្គភាពការទូតអាមេរិកអស់រយៈពេល ៣៣ឆ្នាំ បានកាន់តំណែងសន្តិសុខជាតិជាច្រើន នៅក្នុងរដ្ឋបាលចំនួន៥ ទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ។ លោក Burns ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្ស៊ី នៅចន្លោះឆ្នាំ ២០០៥-២០០៨ និងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ្សកដានីពីឆ្នាំ ១៩៩៨ ដល់ ២០០១។

ក្រុមរបស់ លោក Biden បានហៅលោក Burns ថាជាអ្នកដែលមានជំនាញវិជ្ជាជីវៈប្រកបដោយភាពស្មោះត្រង់ និងឯករាជ្យ ដែលសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក កំពុងត្រូវការ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីជាប់ឆ្នោត Biden បានលើកឡើងយ៉ាងដូច្នេះថា «លោក Burns គឺជាអ្នកការទូតគំរូម្នាក់ ដែលមានបទពិសោធជាច្រើនទសវត្សលើឆាកពិភពលោក ក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជន និងប្រទេសរបស់យើង»