(គួរឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងចាត់វិធានការរឹតបន្តឹងលើការធ្វើដំណើរ ចាប់ពីថ្ងៃពុធ ទី១៣ ខែមករា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេស។ េនះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ នៅថ្ងៃចន្ទនេះ លោក Muhyiddin បាននិាយាយថា រដ្ឋចំនួន៥ រួមមានដូចជារដ្ឋ Penang, Selangor, Melaka, Johor និង Sabah ព្រមទាំងទឹកដីសហព័ន្ធនៃទីក្រុងគូឡាឡាំពួរ គឺ Putrajaya និង Labuan នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមវិធានការរឹតបន្តឹងការធ្វើដំណើរ ឬហៅថា MCO ម្តងទៀត។

លោកបានបន្ថែមថា ការធ្វើដំណើររវាងរដ្ឋមួយទៅរដ្ឋមួយទៀត ត្រូវបានហាមឃាត់ទូទាំងប្រទេស ខណៈពេលដែលការធ្វើដំណើររវាងស្រុកនានា មិនត្រូវបានអនុញ្ញាតសម្រាប់រដ្ឋទាំងឡាយណា ដែលស្ថិតក្រោមវិធានការ MCO។ ចំណែកឯ សកម្មភាពសង្គមនានា ដូចជាការរៀបមង្គលការ សន្និសីទការសែត ការជួបជុំសាសនា វគ្គសិក្សានិងកីឡានានា ក៏មិនត្រូវបានអនុញ្ញាតដែរ។

គួរបញ្ជាក់ថា ម៉ាឡេស៊ីបន្តរកឃើញអ្នកឆ្លង COVID-19 ថ្មីៗខ្ទង់ពាន់ជារៀងរាល់ថ្ងៃ ខណៈដែលកំណត់ត្រាខ្ពស់ជាងគេបំផុត គឺត្រូវបានរាយការណ៍កាលពីថ្ងៃទី០៧ ខែមករាកន្លងទៅ ដែលមានរហូតដល់ ៣,០២៧ករណីក្នុងមួយថ្ងៃ។ រហូតមកទល់ពេលនេះ ប្រទេសអាស៊ានមួយនេះ មានករណីឆ្លងសរុប ១៣៨,២២៤ករណី ក្នុងនោះស្លាប់ ៥៥៥នាក់ និងជាសះស្បើយ ១០៩,១១៥នាក់៕