(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នឹងជូនដំណឹងដល់សភា អំពីចេតនារបស់ខ្លួន ក្នុងការដាក់បញ្ចូលក្រុមឧទ្ទាមហូទី (Houthi) នៅប្រទេសយ៉េមែនជា «អង្គការភេរវកម្មបរទេស»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោកក៏មានបំណងចាត់តាំងមេដឹកនាំ ០៣នាក់នៃក្រុមគាំទ្រដោយអ៊ីរ៉ង់ជា «ក្រុមភេរវករសកល ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស» ផងដែរ។

បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ការផ្លាស់ប្ដូរទាំងនេះ នឹងត្រូវបានអនុវត្តនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ពោលគឺមួយថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ចូលកាន់តំណែងជាផ្លូវការ។

ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគបានកត់សម្គាល់ឃើញថា ការផ្លាស់ប្តូរនេះនឹងធ្វើឲ្យមានភាពស្មុគស្មាញ ដល់ផែនការស្វែងរកសន្តិភាពរបស់ អង្គការសហប្រជាជាតិ (UN) និងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយអន្តរជាតិ នៅក្នុងប្រទេសយ៉េមែនថែមទៀត៕