(ហ្សាការតា)៖ ឥណ្ឌូណេស៊ី នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តអូសបន្លាយការអនុវត្តវិធានការហាមជនបរទេសចូលមកក្នុងប្រទេសរបស់ខ្លួន រយៈពេល១៤ថ្ងៃ បន្ថែមទៀត ដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

បម្រាមលើជនបរទេស បានចូលជាធរមានម្ដងរួចមកហើយ កាលពីថ្ងៃទី០១ ខែមករាកន្លងទៅ ដោយមានរយៈពេល១៤ថ្ងៃដូចគ្នា ហើយការសម្រេចចិត្តបែបនេះ ទៀតសោត ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឥណ្ឌូណេស៊ី បានដាក់បម្រាមលើអ្នកដំណើរមកពីចក្រភពអង់គ្លេស និងដាក់ចេញវិធានការរឹតត្បិតជាច្រើនលើអ្នកដំណើរ មកពីតំបន់អឺរ៉ុប រួមទាំងអូស្ត្រាលី សំដៅទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 ទម្រង់ថ្មី។ បម្រាមនេះដដែល គឺនឹងត្រូវអនុវត្តលើអ្នកដំណើរបរទេសទាំងអស់ តែម្ដង ដោយលើកលែងតែមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមកពីប្រទេសនានា តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ឥណ្ឌូណេស៊ី នៅតែជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតដោយសារ COVID-19 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកឆ្លង ៨២៨,០២៦នាក់ ក្នុងនោះស្លាប់ ២៤,១២៩នាក់ និងជាសះស្បើយឡើងវិញ ៦៨១,០២៤នាក់៕