(ប៉េកាំង)៖ ក្រុមមន្រ្តីរដ្ឋាភិបាលទីក្រុងប៉េកាំងថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្រុមអ្នកជំនាញ COVID-19 របស់អង្គការសុខភាពពិភពលោក WHO នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

អាជ្ញាធរជាតិសុខាភិបាលរបស់ចិន បានប្រកាសថា ក្រុមអ្នកជំនាញអន្តរជាតិរបស់អង្គការ WHO ដែលមានភារកិច្ចបើកការស្រាវជ្រាវអំពីប្រភពដើមដំបូង នៃការផ្ទុះឡើងនូវវិបត្តិជំងឺរាតត្បាតជាសកលគឺ COVID-19 នឹងធ្វើដំណើរទៅដល់ក្នុងប្រទេសចិន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ពីដំបូងឡើយក្រុមអ្នកជំនាញខាងលើ បានដាក់គោលដៅថានឹងទៅទស្សនកិច្ចនៅចិន កាលពីអំឡុងដើមខែមករានេះ ដើម្បីចាប់ផ្តើមការងារស៉ើបអង្កេតរបស់ពួកគេ ក៏ប៉ុន្តែគម្រោងដំណើរទស្សនកិច្ច ត្រូវបានពន្យារពេលដោយសារ ខ្វះខាតការអនុញ្ញាតពីទីក្រុងប៉េកាំង ដើម្បីចូលទៅកាន់ប្រទេសចិន។

គួរជម្រាបថា វិបត្តិជំងឺ COVID-19 បានផ្ទុះឡើងដំបូងនៅទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ២០១៩៕