(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងទទួលការចាក់វ៉ាក់សាំងប្រឆាំង COVID-19 ដូសទី ២ នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីការចាក់លើកទី ១ ដែលត្រូវបានផ្សាយផ្ទាល់កាលពីជិត ៣សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១។

លោក ចូ បៃដិន វ័យ ៧៨ឆ្នាំ បានថ្លែងចេញពីមន្ទីរពេទ្យ នៃទីក្រុងណេវ៉ាក (Newark) រដ្ឋដេឡាវែរ (Delaware) ដែលជាស្រុកកំណើតរបស់លោក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០យ៉ាងដូច្នេះថា «វាគ្មានអ្វីដែលត្រូវព្រួយបារម្ភនោះទេ»។ លោក ចូ បៃដិន បានថ្លែងទៅកាន់ពលរដ្ឋអាមេរិកបែបនេះ នៅពេលដែលលោកទទួលបាន ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BionNTech សម្រាប់ដូសទី១។

គួរបញ្ជាក់តាមក្រុមការងាររបស់លោក ចូ បៃដិន បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានថា ប្រធានាធិបតីជាប់ឆ្នោត និងជិតដល់ពេលត្រូវស្បថឡើងកាន់តំណែងរូបនេះ នឹងទទួលការចាក់វ៉ាក់សាំង ដូសទី ២ នៅថ្ងៃចន្ទនេះតែម្តង និងនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនានា មិនខុសពីលើកទី១នោះឡើយ។

ដោយឡែកកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ លោក ចូ បៃដិន បានស្តីបន្ទោសរដ្ឋបាលលោក ដូណាល់ ត្រាំ ចំពោះភាពយឺតយ៉ាវក្នុងការ ចែកចាយវ៉ាក់សាំងទៅប្រជាជនអាមេរិក ហើយលោក បៃដិន ក៏បានចាត់ទុកបញ្ហានេះផងដែរថា ជាទង្វើដ៏គួរឲ្យស្អប់ខ្ពើម៕