(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា បានបង្ហោះសារវីដេអូមួយ ដោយនៅតែប្រកាន់ជំហរដដែលថា ការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ មុននឹងលោកប្រាប់ឱ្យក្រុមអ្នកគំាំទ្ររូបលោកត្រលប់ទៅផ្ទះវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

នៅក្នុងសារវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter និង Facebook លោក ដូណាល់ ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំដឹងពីការឈឺចាប់របស់អ្នក។ យើងមានការបោះឆ្នោតមួយ ដែលត្រូវបានគេលួច។ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែត្រលប់ទៅផ្ទះវិញ ដ្បិតយើងត្រូវតែមានសន្តិភាព គោរពច្បាប់ និងសណ្ដាប់ធ្នាប់»។ លោក ត្រាំ បានបន្ថែមទៀតថា «យើងត្រូវតែមានសន្តិភាព ដូច្នេះត្រលប់ទៅផ្ទះវិញចុះ។ ខ្ញុំស្រឡាញ់អ្នកទាំងអស់។ អ្នកទាំងអស់គ្នាពិតជាពិសេសណាស់... ខ្ញុំយល់ពីអារម្មណ៍អ្នកទាំងអស់គ្នា។ ប៉ុន្តែត្រលប់ទៅវិញចុះ... ត្រលប់ទៅផ្ទះដោយសន្តិភាព»។

គួរបញ្ជាក់ថា ក្រោយការបង្ហោះសារវីដេអូខាងលើ ក្រុមហ៊ុន Facebook និង Twitter បានបិទគណនីលោក ដូណាល់ ត្រាំ ជាបណ្តោះអាសន្ន ដោយចោទថាលោក ត្រាំ បានបំពានធ្ងន់ធ្ងរលើគោលការណ៍ របស់បណ្តាញសង្គមយក្សទាំងពីរ ហើយក្នុងនោះព័ត៌មានដែលលោក ត្រាំ បានបង្ហោះរួចមួយចំនួនត្រូវបានលុបចោលវិញ។ Facebook បានសម្រេចហាមឃាត់លោក ដូណាល់ ត្រាំ មិនឲ្យបង្ហោះអ្វីឡើយរយៈពេល ២៤ម៉ោង ខណៈ Twitter បានដាក់បំរាមដូចគ្នានេះ ១២ម៉ោង៕