(សៀងហៃ)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍អំពី ការកើនឡើងនូវករណីឆ្លង COVID-19 ប្រចាំថ្ងៃច្រើនបំផុតរហូតដល់ទៅ ៦៣ករណី មិនធ្លាប់មានក្នុងរយៈពេលជាង ៥ខែកន្លងទៅនេះ ដែលបណ្តាលមកពីការកើនឡើង នៃករណីឆ្លងនៅក្នុងខេត្តហឺប៉ី (Hebei)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

បើតាមគណៈកម្មការសុខភាពជាតិចិន នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឲ្យដឹងថា ខេត្ត Hebei បានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥២ករណីបន្ថែមទៀត ក្នុងនោះមាន ៥១ករណីជាករណីឆ្លងក្នុងស្រុក ពោលគឺច្រើនជាងកាលពីមួយថ្ងៃមុន ដែលមានត្រឹមតែ ២០ករណីប៉ុណ្ណោះ។

សម្រាប់ប្រទេសចិនទាំងមូល នៅថ្ងៃព្រហស្បតិ៍នេះបានរកឃើញ ករណីឆ្លង COVID-19 ថ្មីៗសរុបចំនួន ៦៣ករណី ដែលជាករណីឆ្លងប្រចាំថ្ងៃកើនឡើងពី ៣២ករណីកាលពីមួយថ្ងៃមុន និងជាករណីកើនឡើងខ្ពស់បំផុត គិតចាប់តាំងពីការរកឃើញអ្នកឆ្លង ១២៧ករណីកាលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។

គួរបញ្ជាក់ថា ចំនួនករណីឆ្លង COVID-19 សរុបនៅប្រទេស គិតចាប់តាំងពីមានការផ្ទុះឡើងដំបូងនៅទីក្រុងវូហាន (Wuhan) កាលពីចុងឆ្នាំ២០១៩ រហូតមកដល់ដើមឆ្នាំ២០២១ នេះមានសរុបចំនួន ៨៧,២៧៨ករណី ក្នុងនោះអ្នកស្លាប់មាន ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៨២,១៣៨នាក់៕