(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៦០,៩៧៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៤,១០០នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២១,៨៥៧,៦១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៦៩,៩៩០នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៣,០២៤,១៤២នាក់។

គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម។ ក្រុមរៀបចំពិធីស្បថឡើងកាន់តំណែងរបស់លោក បៃដិន កំពុងត្រៀមរៀបចំ ដើម្បីអនុវត្តវិធានការសុវត្ថិភាព នៅអំឡុងការរៀបចំពិធីទាំងមូល៕