(វ៉ាស៊ីនតោន)៖ បណ្ដាមេដឹកនាំពិភពលោកបានថ្កោលទោសយ៉ាងខ្លាំង ចំពោះឈុតឆាកអំពើហិង្សាក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារវិមានសភា (Capitol) សំដៅរារាំងកុំឱ្យសភាទទួលស្គាល់ជាផ្លូវការ នូវជ័យជម្នះរបស់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករាឆ្នាំ២០២១។

ភាពចលាចលនៅថ្ងៃពុធសប្ដាហ៍នេះ បានបង្ខំឱ្យសភាអាមេរិកផ្អាកសម័យប្រជុំរបស់ខ្លួន ដែលប្រព្រឹត្តទៅក្នុងគោលបំណង ទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកទី ៤៦។ ឆ្លើយតបទៅនឹងភាពចលាចល ក្នុងសហរដ្ឋអាមេរិក មេដឹកនាំពិភពលោកក្នុងនោះរួមមានបារាំង កាណាដា និងអង់គ្លេសជាដើម បានអំពាវនាវឱ្យមានសន្តិភាព និងការផ្ទេរអំណាចដោយសន្តិវិធី ហើយពួកគេថែមទាំងចាត់ទុកផងដែរថា អ្វីដែលបាននិងកំពុងកើតឡើងនៅឯអគារសភាអាមេរិក គឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងជាការវាយប្រហារលើប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា ក្រោយភាពចលាចលដែលបានកើតឡើង ដោយសារតែការបដិសេធមិនទទួលស្គាល់ លទ្ធផលបោះឆ្នោតរបស់ខ្លួន លោក ដូណាល់ ត្រាំ បានប្រាប់ឱ្យក្រុមអ្នកគាំទ្ររបស់លោក ដកថយចេញពីអគារសភាត្រលប់ទៅផ្ទះវិញហើយ រីឯសភាអាមេរិកក៏បានចាប់ផ្ដើមដំណើរការ សម័យប្រជុំឡើងវិញផងដែរ។ នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ មនុស្សម្នាក់បានបាត់បង់ជីវិត ខណៈទីភ្នាក់ងារ FBI បានអះអាងថា ខ្លួនបានទប់ស្កាត់ជនសង្ស័យពីរនាក់ ដែលគ្រោងប្រើគ្រឿងផ្ទុះ៕