(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសទទួលស្គាល់ហើយ ចំពោះសេចក្ដីរាយការណ៍ពីការរកឃើញ COVID-19 ច្រើនជាង ៩០០ករណីថ្មី នៅក្នុងរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែង នៅក្នុងខេត្ត សាមុត សាខន (Samut Sakhon) បន្ទាប់ពីការធ្វើតេស្ដលើមនុស្ស ៣,៨០០នាក់។ ទោះជាបែបនេះល្តី តួលេខទាំងនេះគឺជាព័ត៌មានចាស់ ដែលត្រូវបានរាយការណ៍រួចហើយ នៅក្នុងរបាយការណ៍មុនៗនាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករា ឆ្នាំ២០២១។

ការប្រកាសខាងលើរបស់ក្រសួងសុខាភិបាលថៃ បានកើតមានឡើងក្រោយមានរបាយការណ៍ជាច្រើន ត្រូវបានចុះផ្សាយ នៅលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃពុធម្សិលមិញថា មានអ្នកឆ្លង COVID-19 ច្រើនជាង ៩០០នាក់ ត្រូវបានរកឃើញនៅក្នុងរោងចក្រផលិតត្រីខកំប៉ុងមួយកន្លែង នៅក្នុងខេត្ត Samut Sakhon ដោយវាបានបង្កឱ្យមាន ការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាជនថៃ។

លោក អូផាស កានកាវីងផុង (Opas Karnkawinpong) ជាអគ្គនាយក នៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងនៃប្រទេសថៃ បានអះអាងថា ករណីឆ្លងខាងលើគឺជាការពិត ហើយលោកក៏បានបញ្ជាក់ដែរថា រោងចក្រផលិតត្រីខកំប៉ុងមួយកន្លែង នៅក្នុងខេត្ត Samut Sakhon គឺជាកម្មសិទ្ធរបស់ ក្រុមហ៊ុនផលិតចំណីអាហារ ប៉ាតាយ៉ា (Pataya Food Group)។ ទោះជាបែបនេះក្តី លោក Opas បាននិយាយថា តួលេខឆ្លងទាំងនោះគឺជាព័ត៌មានចាស់ ដោយមានរាប់បញ្ចូលទាំងករណីឆ្លងថ្មីសរុបច្រើនជាង ៥០០ករណី នៅក្នុងខេត្ត Samut Sakhon ដែលមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 បានចេញផ្សាយជាសាធារណៈ កាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 សរុប ៩,៣៣១ករណី ក្នុងនោះស្លាប់ ៦៦នាក់ និងជាសះស្បើយឡើងវិញ ៤,៤១៨នាក់៕