(ឡាអេ)៖ ទីបំផុតហូឡង់នៅថ្ងៃពុធនេះបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ក្នុងប្រទេសខ្លួន ដែលប្រការធ្វើឲ្យហូឡង់ក្លាយជាសមាជិកចុងក្រោយនៃសហភាពអឺរ៉ុប (EU) ដែលបានធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃ ពុធ ទី០៦ ខែមករា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំង COVID-19 នៅហូឡង់ បានចាប់ផ្តើមជាមួយបុគ្គលិកនៅមណ្ឌលថែទាំ និងបុគ្គលិកជួរមុខនៅតាមមន្ទីរពេទ្យ។ បុគ្គលិកម្នាក់នៅមណ្ឌលថែទាំមួយកន្លែងឈ្មោះ សានណា អេលកាឌីរី (Sanna Elkadiri) បានក្លាយជាបុគ្គលដំបូងគេ ដែលទទួលបានការចាក់វ៉ាក់សាំង COVID-19 ដែលហូឡង់បានមកពីក្រុមហ៊ុន Pfizer-BioNTech នៅឯទីតាំងផ្តល់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងក្រុងវេហ៊្គែល (Veghel) ស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រ ភាគអាគ្នេយ៍ទីក្រុងអាមស្ទឺដាម (Amsterdam)។

ការចាប់ផ្តើមចាក់វ៉ាក់សាំងយឺតយ៉ាវជាងគេបែបនេះ ក្នុងចំណោមសមាជិក EU ក៏បានធ្វើឲ្យរដ្ឋាភិបាលហូឡង់រងការរិះគន់ធ្ងន់ៗផងដែរ ប៉ុន្តែនាយករដ្ឋមន្រ្តីហូឡង់លោក ម៉ាក រូត (Mark Rutte) បានលើកហេតុផលថា អាជ្ញាធរហូឡង់កន្លងមកបានផ្តោតការត្រៀមលក្ខណៈសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឯណោះទេ ព្រោះយល់ថា វាជាវ៉ាក់សាំងដែលងាយស្រួលចាត់ចែងទុកដាក់ជាងវ៉ាក់សាំងរបស់ Pfizer។ យ៉ាងណាមិញ មកទល់ពេលនេះ វ៉ាក់សាំងរបស់ AstraZeneca មិនទាន់ទទួលបានការអនុញ្ញាតពី EU ឡើយ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាពដ៏ត្រជាក់ខ្លាំងនោះ គឺជាវ៉ាក់សាំង COVID-19 តែមួយគត់ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយ ទីភ្នាក់ងារស្តង់ដាឱសថរបស់សហភាពអឺរ៉ុប ដែលឥឡូវកំពុងពិចារណាផ្តល់ការអនុញ្ញាតលើវ៉ាក់សាំង COVID-19 មួយទៀត គឺរបស់ក្រុមហ៊ុន Moderna។

បច្ចុប្បន្នហូឡង់កំពុងស្ថិតក្រោមវិធានការចាក់សោប្រទេសយ៉ាងរឹងរ៉ឹងរយៈពេល៥សប្តាហ៍ ដែលត្រូវបានដាក់ចេញនៅពេលករណីឆ្លងបានលោតឡើងយ៉ាងគំហុក នៅទូទាំងប្រទេសអឺរ៉ុបមួយនេះ ខណៈនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាឆ្លងរាលដាលបានបន្តថមថយមកវិញ ប៉ុន្តែ វិទ្យាស្ថានសុខភាពសាធារណៈហូឡង់បាននិយាយថា នៅមិនទាន់មើលឃើញឥទ្ធិពលច្បាស់លាស់ ដែលវិធានការចាក់សោមានទៅលើ អត្រាឆ្លងរាតត្បាតនៅឡើយទេ។

គួរបញ្ជាក់ថា មកទល់ពេលនេះ មនុស្សជិត១២,០០០នាក់ ដែលឆ្លងជំងឺ COVID-19 គឺបានស្លាប់នៅក្នុងប្រទេសហូឡង់ ខណៈករណីឆ្លងសរុបមានជាង៨៣ម៉ឺនករណី៕