(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យរបស់លោក ចច ដាប់ប៊ែល យូប៊ូស (George W Bush) កាលពីថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានប្រកាសឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋរូបនេះ នឹងចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតគឺលោក ចូ បៃដិន ដែលនឹងប្រព្រឹត្ត ទៅនាថ្ងៃទី២០ ខែមករាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យរបស់លោក ប៊ូស គឺលោក Freddy Ford បានឲ្យដឹងថា អតីតប្រធានាធិបតី និងលោកស្រី Bush ទន្ទឹងរង់ចាំការវិលត្រឡប់ទៅកាន់សេតវិមាន សម្រាប់ពិធីស្បថចូល កាន់តំណែងរបស់ប្រធានាធិបតី និងអនុប្រធានាធិបតីជាប់ឆ្នោត។ លោក Freddy បានបន្ថែមទៀតថា ការធ្វើជាសាក្សីនៅក្នុងពិធីផ្ទេរអំណាចដោយសន្តិវិធីគឺជានិមិត្តរូបនៃ លទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ ដោយឡែក ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលនៅតែបន្តបដិសេធមិនទទួលស្គាល់ភាពបរាជ័យ នៅមិនទាន់បានបញ្ជាក់ថាតើលោក នឹងចូលរួមពិធីនេះឬក៏យ៉ាងណា នោះទេ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Bush ត្រូវបានធ្វើឡើង ចំពេលនៃភាពតានតឹងផ្នែកនយោបាយ នៅសហរដ្ឋអាមេរិក។ នៅថ្ងៃពុធនេះ (ម៉ោងនៅវ៉ាស៊ីនតោន) អនុប្រធានាធិបតីលោក Mike Pence នឹងត្រូវធ្វើជាអធិបតីនៃសម័យប្រជុំសភារួមគ្នា ដើម្បីបញ្ជាក់ពីជ័យជម្នះរបស់លោក បៃដិន។ ខណៈលោក ត្រាំ កំពុងទទូចឲ្យមានការតវ៉ា
ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោក ហើយលោកក៏បានជំរុញឲ្យលោក Pence បដិសេធអ្វីដែលលោកចាត់ទុកថា ជាអង្គបោះឆ្នោតក្លែងបន្លំ បើទោះជាលោកអនុប្រធានាធិបតី មិនមានសិទ្ធិអំណាចស្របច្បាប់ក្នុងការសម្រេចបែបនេះក៏ដោយ៕