(តៃប៉ិ)៖ មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ម្នាក់ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាយន្ដហោះចម្បាំងចិន បានហោះឆ្វែល និងចូលក្នុងដែនអាកាសតៃវ៉ាន់ រហូតដល់ទៅ ៣៨០លើក កាលពីឆ្នាំ២០២០ កន្លងទៅ ខណៈភាពតានតឹងបច្ចុប្បន្ន ត្រូវបានក្រុមអ្នកជំនាញព្រមានថា បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីពាក់កណ្ដាល ទសវត្សរឆ្នាំ១៩៩០មក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។

ចិន បានបង្កើនសកម្មភាពយោធា តាមរយៈការធ្វើសមយុទ្ធយោធា និងបញ្ជូនយន្ដហោះចម្បាំង ហោះចូលក្នុងដែនអាកាសតៃវ៉ាន់ ចាប់តាំងតែពីលោកស្រី Tsai Ing-wen ជាប់ឆ្នោតក្លាយជាប្រធានាធិបតីតៃវ៉ាន់ កាលពីឆ្នាំ២០១៦ មកម្លេះ។ លោកស្រី Tsai Ing-wen មាននយោបាយតឹងរឹងចំពោះចិន ដោយលោកស្រីច្រានចោលនូវគំនិតដែល ថាតៃវ៉ាន់ គឺជាផ្នែកមួយរបស់ចិន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោក Shih Shun-wen បានគូសបញ្ជាក់ដូច្នេះថា៖ «យន្ដហោះចម្បាំងចិន បានហោះចូលក្នុងដែនអាកាសការពារជាតិ ADIZ នៃភាគនិរតីរបស់យើងដល់ទៅ៣៨០លើក ក្នុងឆ្នាំ២០២០ កន្លងទៅ ហើយដែលនេះគឺជាតួលេខខ្ពស់បំផុត បើធៀបទៅ នឹងកាលពីអតីតកាល»។ លោក Shih Shun-wen បន្ថែមថា យន្ដហោះចម្បាំងចិន ហោះចូលក្នុងដែនអាកាសតៃវ៉ាន់ គឺដើម្បីធ្វើតេស្ដពីសមត្ថភាពប្រតិកម្មរបស់កោះតៃវ៉ាន់។

គួរបញ្ជាក់ថា ភាពតានតឹងបច្ចុប្បន្នរវាងចិន និងកោះតៃវ៉ាន់ ត្រូវបានក្រុមអ្នកជំនាញយោធាភាគច្រើនព្រមានថា បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពី ពាក់កណ្ដាលទសវត្សរ ឆ្នាំ១៩៩០មក។ ចិន តែងតែព្រមានជារឿយៗថា នឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ នៅក្នុងករណីចាំបាច់។ ប៉ុន្តែ ករណីចាំបាច់ មិនដឹង ថានឹងកើតឡើងនៅពេលណានោះទេ ស្របពេលគេគ្រប់គ្នាសុទ្ធតែដឹងថាតៃវ៉ាន់ គឺជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក៕