(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានហៅការសម្រេចចិត្តរបស់អ៉ីរ៉ង់ ក្នុងការចាប់ផ្ដើមចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមដល់កម្រិត ២០ភាគរយ នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី ហ្វ័រដូវ (Fordow) ថាជា «ការគំរាមកំហែងនុយក្លេអ៊ែរ»។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះថា៖ «ប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិត ២០ភាគរយ នៅឯរោងចក្រ Fordow គឺជាការប៉ុនប៉ងយ៉ាងច្បាស់មួយ ដើម្បីបង្កើនយុទ្ធនាការនៃការគំរាមកំហែងនុយក្លេអ៊ែរ ដែលជាការប៉ុនប៉ងមួយដែល នឹងបន្តទៅរកការបរាជ័យ»។ សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា «សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ នឹងបន្តឃ្លាំមើលអធិការនៃទីភ្នាក់ងារ អន្តរជាតិថាមពលអាតូមិក (IAEA) ដើម្បីរាយការណ៍អំពីអង្គហេតុនៅនឹងកន្លែង»

អង្គការថាមពលអាតូមិកអ៉ីរ៉ង់ (AEOI) បានប្រកាសនៅល្ងាចថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយ បានចាប់ផ្តើមចម្រាញ់នៅឯរោងចក្រ Fordow របស់ខ្លួន និងបានឈានដល់កម្រិតស្ថេរភាពហើយ។ បើតាមអ្នកនាំពាក្យ AEOI លោក ប៊ែរួស កាម៉ាល់វ៉ានឌី (Behrouz Kamalvandi) បានឲ្យដឹងថា ដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម២០ភាគរយ ត្រូវបានចាប់ផ្តើមនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលជាផ្នែកមួយនៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៉ីរ៉ង់ ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដែលត្រូវបានអនុម័តដោយសភាកាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ម៉ូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) ក៏បានបង្ហោះសារនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម Twitter របស់លោកនៅថ្ងៃដដែលថា «សកម្មភាពរបស់អ៉ីរ៉ង់ បានអនុលោមយ៉ាងពេញលេញស្របទៅតាមកថាខណ្ឌទី៣៦ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ (JCPOA) បន្ទាប់ពីការមិនគោរពច្បាប់អស់រយៈពេលជាច្រើនឆ្នាំ ដោយអ្នកចូលរួម នៃ JCPOA ជាច្រើនផ្សេងទៀត»

គួរបញ្ជាក់ថា ការផ្លាស់ប្តូរចុងក្រោយនេះ បានកើតឡើង ខណៈភាពតានតឹងបាន និងកំពុងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក បានរាយការណ៍ឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Nimitz នឹងនៅតែឈរជើងនៅក្នុងដែនទឹក មជ្ឈិមបូព៌ាដដែល ដោយសារតែ «ការគំរាមកំហែងពីប្រទេសអ៉ីរ៉ង់» ពោលគឺបញ្ច្រាសពីការសម្រេចចិត្តកាលពីលើកមុន ដែលនាវានេះត្រូវបានបញ្ជាឲ្យត្រឡប់ ទៅផ្ទះវិញ៕