(វ៉ាស៊ីនតោន)៖ មន្រី្តកំពូលម្នាក់ទទួលបន្ទុកកិច្ចការបោះឆ្នោត នៅក្នុងរដ្ឋ Georgia បាននិយាយថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ខំឱ្យលោកទទួលកិច្ចសន្ទនាតាមទូរស័ព្ទ ដ៏មិនសមរម្យ ជុំវិញការដាក់សម្ពាធឱ្យរដ្ឋភាគខាងត្បូងនៃសហរដ្ឋអាមេរិកមួយនេះ កែប្រែលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកា ខណៈអ្នកប្រជាធិបតេយ្យស្នើឱ្យមានការស៊ើបអង្កេត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។

នៅក្នុងខ្សែអាត់សំឡេងនៃកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រវាងលោក ដូណាល់ ត្រាំ និងលេខាធិការនៃរដ្ឋ Georgia លោក Brad Raffensperger ដែលត្រូវបានចេញផ្សាយមុនគេដោយកាសែតអាមេរិក Washington Post លោក ត្រាំ បានដាក់សម្ពាធម្ដងហើយម្ដងទៀត ឱ្យលោក Raffensperger ប្រកាសជាថ្មីថារូបលោកគឺ ជាអ្នកឈ្នះដោយទទួលបានសន្លឹកឆ្នោតច្រើនជាងលោក បៃដិន នៅក្នុងរដ្ឋ Georgia។ ប៉ុន្តែ លោក Raffensperger បានបដិសេធ។

លោក Raffensperger ជាថ្មីម្ដងទៀត នៅកិច្ចសម្ភាសន៍ជាមួយកម្មវិធី Good Morning America នៃទូរទស្សន៍ ABC នៅថ្ងៃចន្ទសប្ដាហ៍នេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនដែល ជឿទាល់តែសោះថាវាគឺជារឿងសមរម្យ ក្នុងការនិយាយទៅកាន់លោកប្រធានាធិបតី ប៉ុន្តែគាត់បានបង្ខំខ្ញុំ ហើយខ្ញុំយល់ថាគាត់ និងមន្ត្រីរបស់គាត់បានបង្ខំពួកយើង។ ពោលគឺ ពួកគេចង់បានកិច្ចសន្ទនាតាមទូរស័ព្ទបែបនេះ»

គួរបញ្ជាក់ថា រដ្ឋ Georgia បានដឹកនាំការរាប់សន្លឹកឆ្នោតឡើងវិញបីលើករួចមកហើយ ដោយលទ្ធផលចុងក្រោយបានបង្ហាញថាលោក បៃដិន គឺជាអ្នកឈ្នះដោយទទួលបានសំឡេង ឆ្នោត ១១,៧៧៩ ច្រើនជាងលោក ត្រាំ ក្នុងចំណោមសំឡេងឆ្នោតសរុបជិត ៥លានសំឡេង នៅក្នុងរដ្ឋមួយនេះ។ នៅក្នុងខ្សែអាត់សំឡេងខាងលើ លោក ត្រាំ បានដាក់សម្ពាធ បង្ខំឱ្យលោក Raffensperger កែប្រែលទ្ធផលបោះឆ្នោតតាមរយៈការបន្ថែមសន្លឹកឆ្នោត ១១,៧៨០សំឡេង ដើម្បីឱ្យលោកទទួលបានសំឡេងឆ្នោតសរុប ២,៤៧៣,៦៣៤ ពោលគឺ តែមួយសំឡេងប៉ុណ្ណោះ ច្រើនជាងលោក បៃដិន ដែលទទួលបាន ២,៤៧៣,៦៣៣ សំឡេង។

ក្រោយបែបធ្លាយខ្សែអាត់សំឡេងនេះដែរ សមាជិកសភាពីររូបមកពីគណបក្សប្រជាធិបតេយ្យ បានស្នើឱ្យនាយក FBI លោក Christopher Wray បើកការស៊ើបអង្កេតលើ កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ដូណាល់ ត្រាំ និងលោក Brad Raffensperger ខណៈក្រុមអ្នកច្បាប់មួយចំនួនមើលឃើញថាលោក ត្រាំ បានបំពានលើច្បាប់សហព័ន្ធអាមេរិក និងច្បាប់បោះឆ្នោតនៃរដ្ឋ Georgia៕