(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានជំរុញឱ្យអ្នកបោះឆ្នោតទាំងអស់នៅក្នុងរដ្ឋ ចរជា (Georgia) បោះឆ្នោតគំាទ្រអ្នកប្រជាធិបតេយ្យពីររូប នៅក្នុងការបោះឆ្នោតលើកទី ២ នៅថ្ងៃអង្គារសប្ដាហ៍នេះដែលនឹងកំណត់ថា តើគណបក្សមួយណានឹងគ្រប់គ្រងព្រឹទ្ធសភាអាមេរិក ខណៈលោក ដូណាល់ ត្រាំ កំពុងព្យាយាមរក្សាព្រឹទ្ធសភា ឱ្យនៅក្រោមកណ្ដាប់ដៃបក្សសាធារណរដ្ឋ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១។

លោក បៃដិន បានថ្លែងនៅក្នុងវេទិកាមួយនៅទីក្រុង អាត្លង់តា (Atlanta) នៃរដ្ឋ Georgia យ៉ាងដូច្នេះថា «នេះគឺជាឆ្នាំថ្មី ហើយស្អែក (ថ្ងៃអង្គារពេលវេលានៅអាមេរិក) គឺជាថ្ងៃថ្មីមួយសម្រាប់ទីក្រុង Atlanta, រដ្ឋ Georgia និងប្រជាជនអាមេរិក»។ លោក បៃដិន បានលើកឡើងបន្ថែម ដោយឆ្លៀតរិះគន់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាមានភាពយឺតយ៉ាវ ក្នុងការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 រីឯលោក ត្រាំ ផ្ទាល់ចូលចិត្តត្អូញត្អែរ ច្រើនជាងធ្វើសកម្មភាព ដើម្បីដោះស្រាយបញ្ហា។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានបេក្ខជនព្រឹទ្ធសភាណាម្នាក់ ទទួលបានសំឡេងភាគច្រើនឡើយ ដែលនេះតម្រូវឱ្យមានការបោះឆ្នោតជាលើកទី ២។ ការបោះឆ្នោតនៅក្នុងរដ្ឋ Georgia នៅថ្ងៃអង្គារនេះ គឺជាការបោះឆ្នោតរវាងបេក្ខជនព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋគឺលោកស្រី ឃែលលី លឹហ្វហ្វ្លឺ (Kelly Loeffler) និងលោក ដេវីដ ភើឌូ (David Perdue) តទល់នឹងលោក រ៉ាផាអ៊ែល វ៉រណក់ (Raphael Warnock) និងលោក ចូន អូសសូហ្វ (Jon Ossoff) ជាបេក្ខជនសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ៕