(ប៉េកាំង)៖ ចានតេឡេស្កូប FAST របស់ប្រទេសចិន ដែលធំបំផុតនៅលើពិភពលោក នឹងបើកទទួលអ្នកវិទ្យាសាស្រ្តជាលក្ខណៈអន្តរជាតិ ចាប់ពីថ្ងៃទី០១ ខែមេសា ខាងមុខតទៅ ក្រោយពីវាធ្វើប្រតិបត្តិការជាផ្លូវការបានរយៈពេលជិត១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

ទីភ្នាក់ងារអង្កេតតារាសាស្រ្ត NAOC នៃសភាវិទ្យាសាស្រ្តចិន ដែលជាអ្នកធ្វើប្រតិបត្តិការតេឡេស្កូបខាងលើ បានបញ្ជាក់នាថ្ងៃចន្ទនេះថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ អ្នកវិទ្យាសាស្រ្តទាំងអស់នៅលើពិភពលោក អាចចាប់ផ្តើមដាក់ពាក្យស្នើសុំតាមអនឡាញបាន ទាក់ទងទៅនឹងការប្រើប្រាស់តេឡេស្កូប FAST សម្រាប់ការងារអង្កេតផ្សេងៗផ្នែកតារាសាស្រ្ត។

គួរបញ្ជាក់ថា អំឡុងមួយឆ្នាំដំបូងនៃការបើកទ្វារតេឡេស្កូប FAST សម្រាប់សហគមន៍អ្នកវិទ្យាសាស្រ្តអន្តរជាតិ ពេលវេលាប្រតិបត្តិការខ្ទង់១០ភាគរយ នឹងត្រូវបែងចែកឲ្យទៅក្រុមអ្នកវិទ្យាសាស្រ្តបរទេស។ ចានតេឡេស្កូប FAST ដែលស្ថិតនៅក្នុងខេត្ត Guizhou ភាគនិរតីចិន បានចាប់ផ្តើមប្រតិបត្តិការផ្លូវការរបស់វាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០៕