(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានសម្ដែងចេញនូវសមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់មន្ត្រីជើងចាស់ម្នាក់ ដែលបានចូលរួមចំណែកក្នុងការបង្កើត អង្គការសហប្រជាជាតិ គឺលោក ប្រាយអ៊ែន អឺខាត (Brian Urquhart) ដែលបានទទួលមរណភាព កាលពីចុងសប្ដាហ៍មុនក្នុងអាយុ ១០១ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Guterres បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានអារម្មណ៍សោកសៅជាទីបំផុត ចំពោះដំណឹងមរណភាពរបស់លោក Brian Urquhart ដែលជាមន្ត្រីជើងចាស់មួយរូប របស់អង្គការសហប្រជាជាតិ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសាររបស់លោក...»។ កូនប្រុសរបស់លោក Brian Urquhart គឺលោក ថូម៉ាស់ (Thomas) បានប្រកាសពីដំណឹងមរណភាពនៃឪពុករបស់ខ្លួន នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង ធីរីងហាំ (Tyringham) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់ អំពីមូលហេតុជាក់លាក់ឡើយ។

គួរបញ្ជាក់ថា លោក Brian Urquhart គឺជាមន្ត្រីការទូតអង់គ្លេសម្នាក់ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបង្កើត អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៥ និងបានបំពេញការងារ ជាទីប្រឹក្សារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិចំនួន ០៥រូប នៅក្នុងអាជីពរយៈពេល ៤១ឆ្នាំរបស់លោក៕