(វ៉ាស៊ីនតោន)៖ ពិធីឡើងស្បថកាន់តំណែងរបស់ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នឹងត្រូវប្រព្រឹត្តទៅដោយមានរួមបញ្ចូលទាំង ការធ្វើព្យុហយាត្រាពីចម្ងាយ ឬតាមអនឡាញនៅទូទាំងប្រទេស កំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមប្រភពពីក្រុមអ្នករៀបចំកម្មវិធីនេះ ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

ក្រុមអ្នករៀបចំពិធីរបស់លោក ចូ បៃដិន បានឱ្យដឹងទៀតថា ពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆាប់ខាងមុខនេះ នៅវិមានកាពីតូល (Capitol) នឹងត្រូវធ្វើឡើងតាមលំដាប់លំដោយ ប៉ុន្តែកម្មវិធីភាគច្រើន នឹងត្រូវធ្វើឡើងពីចម្ងាយ ក៏ដូចជាត្រូវអនុវត្តតាមវិធានការគម្លាតសុវត្ថិភាព, ពាក់ម៉ាស ព្រមទាំងកំណត់ចំនួនមនុស្សចូលរួម និងការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាដើម។

បន្ថែមពីលើនេះ លោក ចូ បៃដិន ក៏នឹងទទួលបានការអមដំណើរ ជាលក្ខណៈប្រពៃណីរបស់ប្រធានាធិបតីផងដែរ ពីសំណាក់ក្រុមអ្នកតំណាង មកពីគ្រប់ស្ថាប័នយោធាទាំងអស់ចាប់ពីផ្លូវលេខ ១៥ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់សេតវិមាន ហើយចំនួនកំណត់នៃអ្នកចូលរួម នឹងត្រូវប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមិនទាន់ទទួលស្គាល់ លទ្ធផលបោះឆ្នោតនោះឡើយ ដោយលោកនៅតែប្រកាន់ជំហរដដែលថា ការបោះឆ្នោតត្រូវបានលួចបន្លំ។ លោក ដូណាល់ ត្រាំ ក៏មិនទាន់ប្រកាសដែរថា លោកនឹងចូលរួមក្នុង ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ដែរឬមួយក៏អត់នោះ៕