(អាមេរិក)៖ វិទ្យុបារាំងផ្សាយជាខេមរភាសា បានផ្សាយនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ថា ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក មានលុយខុសច្បាប់ចន្លោះពី ៨០០,០០០លានដុល្លារទៅ ២,០០០,០០០លានដុល្លារ ត្រូវបានបង្វែរឲ្យទៅជាលុយស្របច្បាប់។

វិទ្យុបារាំងបានផ្សាយដោយយោងតាមរបាយការណ៍អង្គការ Tax Justice Network ថា នៅដើមឆ្នាំ២០២០ អង្គការនេះបានចាត់ចំណាត់ថ្នាក់កោះកៃម៉ាន និងសហរដ្ឋអាមេរិក ជាជើងឯកអនុញ្ញាតឲ្យលាក់លុយដើម្បីគេចពន្ធ។

វិទ្យុបានដកស្រង់សម្តីលោក Gary Kalman នាយកអង្គការក្រៅរដ្ឋាភិបាល Transparency International មកបញ្ជាក់ថា ទោះបីជាមានភាពតានតឹងភូមិសាស្រ្តនយោបាយក៏ដោយ ក៏មានលំហូរលុយខុសច្បាប់ពីប្រទេសរុស្ស៉ី និងពីប្រទេសចិន ចូលសហរដ្ឋអាមេរិក។

លោក Kalman បានលើកឡើងថា សហរដ្ឋអាមេរិក ជាទីកន្លែងមួយងាយស្រួលក្នុងការលាងលុយខុសច្បាប់ តាមរយៈការទិញផ្ទះសម្បែង ទិញភាគហ៊ុនក្រុមហ៊ុន ឬទិញវត្ថុសិល្បៈជាដើម។

នាយកអង្គការក្រៅរដ្ឋាភិបាល Transparency International រូបនេះដដែលបានថ្លែងថា មកដល់ពេលនេះសហរដ្ឋអាមេរិក ជាប្រទេសតែមួយគត់ក្នុងលោក ដែលងាយស្រួលក្នុងការបង្កើតក្រុមហ៊ុនអានាមិក និងថា សហរដ្ឋអាមេរិកជាឋានសួគ៌សម្រាប់របបពុករលួយ និងឧក្រិដ្ឋជនដែលចង់លាក់លុយរបស់ពួកគេ។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ សភា​អាមេរិកបានអនុម័ត​ច្បាប់​ប្រឆាំង​នឹង​ការ​គេចពន្ធ និង​ការ​លាងលុយកខ្វក់​ឈ្មោះ «Corporate Transparency Act»។ តាម​រយៈ​ច្បាប់ « Corporate Transparency Act » ម្ចាស់ក្រុមហ៊ុន​អានាមិក​ទាំង​អស់​ត្រូវ​តែ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន ពោល​មិន​អាច​បន្ត​លាក់​អត្តសញ្ញាណ​បាន​ទៀត​ឡើយ។ គួរ​រម្លឹក​ថា ក្រុមហ៊ុន​អានាមិក​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​លាងលុយកខ្វក់ និង​លាក់លុយ​ដើម្បី​គេចពន្ធ។

ច្បាប់ «Corporate Transparency Act» ជា​ផ្នែក​មួយ​នៃ​ច្បាប់​ថវិកា​ការពារជាតិ​ដែល​សភា និង​ព្រឹទ្ធិសភា​អាមេរិក​ទើប​បាន​អនុម័ត។ ចាប់​ពី​ពេល​នេះ​ត​ទៅច្បាប់ «Corporate Transparency Act » បាន​បង្ខំ​ឲ្យ​ម្ចាស់ក្រុមហ៊ុន​អានាមិក​ទាំង​អស់​ផ្តល់​ទិន្នន័យ និង​អត្តសញ្ញាណ​របស់​ខ្លួន​ទៅ​ឲ្យ​បណ្តាញ​បង្រ្កាប​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ដែល​ជា​ទីភ្នាក់ងារ​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច។ ទិន្នន័យនិង​អត្តសញ្ញាណ​របស់​ក្រុមហ៊ុន​អានាមិក​ទាំង​នេះ​នឹង​មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​ទេ។ មាន​តែ​ក្រសួង​សេដ្ឋកិច្ច និង​កម្លាំងសមត្ថកិច្ច​ដែល​អាច​ចូល​មើល​ទិន្នន័យ និង​អត្តសញ្ញាណ​ទាំង​នោះ​បាន៕