(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអាទិត្យនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ១២ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ១,៤៩៤ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ករណីរកឃើញខាងលើ មានជនជាតិអាហ្វ្រិកខាងត្បូងចំនួន ៣នាក់ និងជនជាតិវៀតណាម ៩នាក់ ដែលទើបតែធ្វើដំណើរមកពីបរទេស។ ក្នុងរយៈពេលដូចគ្នានេះ វៀតណាមក៏បានរាយការណ៍ថា មានអ្នកជំងឺជាសះស្បើយចំនួន ០២នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ១,៤៩៤ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,៣៣៩នាក់៕