(ប៉េកាំង)៖ អាជ្ញាធរចិនបានឲ្យដឹងថា ប្រជាជនសរុបចំនួន ៧៣,៥៣៧នាក់ នៃតំបន់ចំនួន ២២០កន្លែងនៅទូទាំងទីក្រុងប៉េកាំង បានទទួលការចាក់វ៉ាក់សាំង COVID-19 ក្នុងរយៈពេល ២ថ្ងៃ ចាប់តាំងពីទីក្រុងនេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

លោក Gao Xiaojun អ្នកនាំពាក្យគណៈកម្មការសុខាភិបាលក្រុងប៉េកាំង បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃអាទិត្យនេះថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយត្រូវបានគេសង្កេតឃើញក្នុងចំណោមអ្នកទទួលវ៉ាក់សាំងនោះទេ។

គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនៅទីក្រុងប៉េកាំង នាពេលបច្ចុប្បន្ននេះ គ្របដណ្តប់លើមនុស្សចំនួន ៩ក្រុម ដែលមានអាយុចន្លោះពី១៨ ដល់ ៥៩ឆ្នាំ។ ទាំងនេះរួមបញ្ចូលទាំងអ្នកត្រួតពិនិត្យគយជួរមុខ ព្រមទាំងបុគ្គលិកធ្វើការក្នុងវិស័យដឹកជញ្ជូនទាំងក្នុង និងក្រៅប្រទេសផងដែរ។ ចំណែកឯ អ្នកដែលមានគម្រោងបន្ទាន់ ក្នុងការធ្វើដំណើរទៅបរទេស ក៏អាចដាក់ពាក្យសុំចាក់វ៉ាក់សាំងនេះបានដែរ នៅមជ្ឈមណ្ឌលសេវាកម្មសហគមន៍៕