(បាងកក)៖ នៅថ្ងៃអាទិត្យនេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន៣១៥ករណីថែមទៀត ក្នុងនោះជិត៣០០ករណី ជាករណីឆ្លងក្នុងសហគមន៍ផ្ទាល់ ខណៈដែលប្រទេសអាស៊ានមួយនេះ កំពុងបន្តប្រឈមការរាតត្បាតរលកទីពីរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

បូកបន្ថែមជាមួយករណីថ្មីៗខាងលើ នាពេលនេះថៃមានករណីឆ្លងសរុប៧,៦៩៤ករណី ក្នុងនោះស្លាប់៦៤នាក់។ ក្នុងថ្ងៃអាទិត្យដដែលនេះ ថៃក៏បានប្រកាសពីការរកឃើញជាលើកដំបូងនូវវត្តមានវីរុស COVID-19 ទម្រង់ថ្មី B117 ផងដែរ នៅក្នុងគ្រួសារជនជាតិអង់គ្លេសមួយមាន សមាជិក៤នាក់ ដែលស្ថិតក្រោមការធ្វើចត្តាឡីស័ក ក្រោយធ្វើដំណើរពីចក្រភពអង់គ្លេសមកដល់ប្រទេសថៃ។ អ្នកជំនាញជាន់ខ្ពស់ផ្នែកវីរុស ថៃ បាននិយាយថា នៅពុំទាន់មានហាភ័យនៃការឆ្លងរាលដាលវីរុស COVID-19 ទម្រង់ថ្មីនេះក្នុងប្រទេសនៅឡើយទេ។

គួរបញ្ជាក់ថា នាថ្ងៃអាទិត្យនេះ រដ្ឋាភិបាលថៃសម្រេចមិនចេញបញ្ជាឲ្យបិទអាជីវកម្មឬការផ្អាកសកម្មភាពសង្គមផ្សេងៗ នៅទូទាំងប្រទេសជាថ្មីម្តងទៀតឡើយ ក៏ប៉ុន្តែបានផ្តល់អំណាចឲ្យអភិបាលខេត្តមួយចំនួន ចាត់ចែងកំណត់វិធានការរឹតត្បិតរៀងៗខ្លួនយោងតាមស្ថានភាពជាក់ស្តែង ហើយបានអំពាវនាវកុំឲ្យប្រជាជនធ្វើដំណើរប្រសិនបើមិនចាំបាច់ ដើម្បីរូមគ្នាទប់ស្កាត់ការរាលដាល។

ការឆ្លងរាតត្បាតរលកទី២នៃ COVID-19 នៅថៃ បានផ្ទុះឡើងកាលពីដើមខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីប្រទេសនេះគ្រប់គ្រងស្ថានការណ៍បានល្អ គ្រាន់បើ ចាប់តាំងពីពាក់កណ្តាលឆ្នាំមុន៕