(បរទេស)៖ ខណៈនៅសល់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ រដ្ឋាភិបាលអាមេរិកនឹងត្រូវផ្លាស់ប្តូរថ្មី សហភាពអឺរ៉ុប (EU) ទើបតែសម្រេចបាននូវកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយមួយចិន ខណៈក្រុមអ្នកវិភាគបានមើលឃើញថា វាកំពុងបង្កការគំរាមកំហែងដល់ទំនាក់ទំនងរវាងអឺរ៉ុបនិងអាមេរិក ដែលមានលក្ខណៈប្រេះឆាស្រាប់រួចទៅហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអំឡុងរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VOA នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងខាងលើត្រូវសម្រេចបានកាលពីសប្តាហ៍មុន ក្រោយកិច្ចចរចាអស់រយៈពេលប្រមាណជា៧ឆ្នាំ។ កិច្ចព្រមព្រៀងនេះអាចជា ជ័យជម្នះយ៉ាងធំធេងមួយសម្រាប់ទីក្រុងប៉េកាំង ដែលកំពុងព្យាយាមស្វែងរកការវិនិយោគថ្មីពីបរទេស ស្របពេលដែលក្រុមហ៊ុនជាច្រើនបានផ្លាស់ប្រតិបត្តិការចេញពីប្រទេសចិន នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្មរវាងចិន-សហរដ្ឋអាមេរិក។

EU បាននិយាយថា កិច្ចព្រមព្រៀងនេះដែលមានឈ្មោះពេញ «កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយរវាងសហភាពអឺរ៉ុប-ចិន» ហៅកាត់ CAI នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអឺរ៉ុបធ្វើការប្រកួតប្រជែងដោយស្មើភាពជាងមុន ជាមួយក្រុមហ៊ុនរដ្ឋនៅក្នុងប្រទេសចិន ដែលឥឡូវក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់ EU បន្ទាប់ពីសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងវិនិយោគនេះ នៅត្រូវឆ្លងកាត់ការផ្តល់សច្ចាប័នពីសភាអឺរ៉ុប ដែលអាចប្រើពេលជាច្រើនខែ។

គួរបញ្ជាក់ថា បើយោងទៅតាមទស្សនៈរបស់ក្រុមអ្នកវិភាគអន្តរជាតិមួយចំនួន កិច្ចព្រមព្រៀងខាងលើកំពុងតែបង្កភាពគំរាមកំហែងចំពោះ លទ្ធភាពនៃការប៉ុនប៉ងផ្សះផ្សារទំនាក់ទំនងរវាងអឺរ៉ុបនិងអាមេរិក ចំពេលដែលអនាគតប្រធានាធិបតីថ្មីអាមេរិក លោក ចូ បៃដិន ដែលនឹងត្រូវឡើងកាន់អំណាចនៅប៉ុន្មានសប្តាហ៍ទៀត កំពុងបង្ហាញពីបំណងកសាងសម្ព័ន្ធភាពយូរអង្វែងរបស់សហរដ្ឋអាមេរិកនៅលើទ្វីបអឺរ៉ុបឡើងវិញ បន្ទាប់ពីវាបានចុះទន់ខ្សោយនៅក្រោមរដ្ឋបាលលោក ត្រាំ។

បើនិយាយពីភូមិសាស្រ្តនយោបាយ កិច្ចព្រមព្រៀង CAI នឹងបង្ហាញថា សហភាពអឺរ៉ុបមិនចាត់ទុកខ្លួនឯងនៅខាងសហរដ្ឋអាមេរិកទាំងស្រុងឡើយ ក្នុងការប្រជែងឥទ្ធិពលគ្នារវាងអាមេរិក-ចិន ប៉ុន្តែប្រកាន់យកយុទ្ធសាស្រ្តស្ថិតនៅកណ្តាល ឬអាចនិយាយបានថា ខាងអាមេរិកក៏យក ខាងចិនក៏យក។

មួយវិញទៀត វាច្បាស់ណាស់ថា កិច្ចព្រមព្រៀងវិនិយោគ CAI គឺជាជ័យជម្នះនយោបាយដ៏ធំមួយសម្រាប់ចិន ដ្បិត EU គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ នៅក្នុងអង្គការសេដ្ឋកិច្ចអន្តរជាតិធំៗទាំងអស់ ហើយអាមេរិកនឹងកាន់តែពិបាកក្នុងការប្រើប្រាស់អង្គការទាំងនេះ ដូចជា WTO ឬ UNCTAD ជាដើម ដើម្បីព្យាយាមប្រឈមមុខជាមួយនយោបាយសេដ្ឋកិច្ចរបស់ចិន៕