(បាងកក)៖ អ្នកជំនាញផ្នែកវីរុសថៃម្នាក់គឺលោក យុង ភូវ៉ូរ៉ាវ៉ាន់ (Yong Poovorawan) នៅថ្ងៃអាទិត្យនេះ បានប្រកាសឲ្យដឹងថា វីរុស COVID-19 ទម្រង់ថ្មី ដែលត្រូវបានរកឃើញដំបូងបំផុតនៅចក្រភពអង់គ្លេស នាពេលនេះក៏ត្រូវបានរកឃើញនៅក្នុងប្រទេសថៃផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation Thailand នៅថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០២១។

លោក យុង បាននិយាយថា វីរុស COVID-19 ទម្រង់ថ្មីខាងលើ ត្រូវបានរកឃើញក្នុងសំណាករបស់គ្រួសារជនជាតិអង់គ្លេស ដែលមានសមាជិកសរុប៤នាក់ ធ្វើដំណើរមកពីតំបន់ឃែន (Kent) នៃប្រទេសអង់គ្លេស ហើយកំពុងស្ថិតក្រោមការធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃ។ វីរុស COVID-19 ទម្រង់ថ្មីនេះ បានឆ្លងរាលដាលយ៉ាងងាយនិងយ៉ាងឆាប់រហ័សបំផុត នៅក្នុងគ្រួសារនេះ ពោលគឺសមាជិកទាំង៤នាក់សុទ្ធតែបានឆ្លង។

គួរបញ្ជាក់ថា យ៉ាងណាក្តី អ្នកជំនាញផ្នែកវីរុសថៃរូបនេះ បានអំពាវនាវដល់ប្រជាជនថៃកុំឲ្យមានការព្រួយបារម្ភ ព្រោះវីរុស COVID-19 ទម្រង់ថ្មីនេះ មិនទាន់មានឱកាសរាតត្បាតនៅក្នុងប្រទេសថៃនៅឡើយទេ។ សរុបមកទល់បច្ចុប្បន្ន ថៃបានរកឃើញអ្នកឆ្លង COVID-19 សរុបច្រើនជាង៧ពាន់ករណី ក្នុងនោះស្លាប់ជាង៦០នាក់ និងជាសះស្បើយជាង៤ពាន់នាក់៕