(តូក្យូ)៖ សារព័ត៌មានជប៉ុន នីកកេ (Nikkei) នៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២០នេះបានចេញផ្សាយថា រដ្ឋបាលទីក្រុងតូក្យូនឹងស្នើសុំរដ្ឋាភិបាលជប៉ុន ឲ្យដាក់ការប្រកាសអាសន្នថ្មីមួយទៀត នៅក្នុងរដ្ឋធានីមួយនេះ ព្រោះតែករណីឆ្លងវីរុសកូរ៉ូណា (COVID-19) នៅតែបន្តកើតឡើងយ៉ាងគំហុក ជារៀងរាល់ថ្ងៃតែម្តង។

សារព័ត៌មានជប៉ុនដដែលបានគូសបញ្ជាក់ថា អភិបាលទីក្រុងតូក្យូ លោកស្រី យូរីកុ កូអ៉ីកិ (Yuriko Koike) នឹងជួបជាមួយរដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក យ៉ាស៊ូតូសិ នីស៊ីមូរ៉ា (Yasutoshi Nishimura) ដើម្បីធ្វើការស្នើសុំ។ ទោះជាបែបនេះក្តី នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) ធ្លាប់បានប្រឆាំងនឹងការស្នើសុំឲ្យប្រកាសអាសន្ននេះឡើងវិញ ព្រោះរដ្ឋាភិបាលធ្លាប់បានធ្វើម្តងរួចទៅហើយ កាលពីខែមេសា ឆ្នាំ២០២០ ដោយនៅពេលនោះ ប្រទេសជប៉ុនបានកត់ត្រានូវករណីឆ្លង COVID-19 ជាច្រើនករណី ដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំងបំផុត។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ទីក្រុងតូក្យូបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៣៣៧ករណី ជាហេតុជំរុញឲ្យរដ្ឋបាលទីក្រុងស្នើសុំឲ្យប្រកាសអាសន្នថ្មីនេះ។ បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៣៤,៣៩៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៤៦០នាក់ និងជាសះស្បើយវិញ ១៩៣,៧១៤នាក់៕