(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនពិគ្រោះយោបល់មួយ ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ នៅចុងសប្តាហ៍នេះបានឲ្យដឹងថា ចំនួនមនុស្សស្លាប់នៅក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ នៅទូទាំងពិភពលោកបានកើនឡើងនៅក្នុងឆ្នាំ២០២០ ដោយមានសរុបចំនួន ២៩៩នាក់ បើទោះបីជាចំនួននៃករណីធ្លាក់ បានថយរហូតដល់ចុះរហូតដល់ជាង ៥០ភាគរយក៏ដោយ បើធៀបនឹងតួលេខកាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអាកាសចរណ៍ឈ្មោះ To70 បានឲ្យដឹងថា កាលពីឆ្នាំ២០២០ មានគ្រោះថ្នាក់យន្តហោះចំនួន ៤០ករណី ដែលជាប់ពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរធុនធំៗ ក្នុងនោះមាន ០៥ករណីបានបណ្តាលឲ្យមនុស្សចំនួន ២៩៩នាក់បានស្លាប់។ កាលពីឆ្នាំ ២០១៩ មានគ្រោះអាកាសចរសរុបរហូតដល់ ៨៦ ករណីក្នុងនោះ ៨ករណីបានបណ្តាលឲ្យមនុស្ស ២៥៧នាក់បានស្លាប់។

ការធ្លាក់ចុះនៃចំនួនគ្រោះថ្នាក់នៅក្នុងវិស័យអាកាសចរណ៍ បានកើតឡើងចំពេលដែលមានការធ្លាក់ចុះយ៉ាងខ្លាំង នៃចំនួនជើងហោះហើរដោយសារតែ ជំងឺរាតត្បាតសកល COVID-19។ គេហទំព័រ Flightradar24 បានរាយការណ៍ថា ជើងហោះហើរពាណិជ្ជកម្មដែលខ្លួនបានតាមដាន នៅទូទាំងពិភពលោកសម្រាប់ឆ្នាំ២០២០ បានធ្លាក់ចុះ ៤២ភាគរយ ឬស្មើនឹង ២៤.៤លានជើងហោះហើរ។

ច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកស្លាប់ទាំងអស់ នៅក្នុងការត្រួតពិនិត្យឡើងវិញរបស់ក្រុមហ៊ុន To70 បានបង្ហាញថា មនុស្ស ១៧៦នាក់បានស្លាប់នៅក្នុងខែមករា ឆ្នាំ២០២០ នៅពេលដែលយន្តហោះអ៊ុយក្រែនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសប្រទេសអ៊ីរ៉ង់។ បន្ថែមពីលើនេះ ឧប្បត្តិហេតុដែលមានគ្រោះថ្នាក់បំផុតលំដាប់ទី ២ គឺការធ្លាក់យន្ដហោះដឹកអ្នកដំណើររបស់ ប្រទេសប៉ាគីស្ថាន កាលពីខែឧសភា ដែលបានសម្លាប់មនុស្ស ៩៨នាក់។

គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរធំៗ គឺគ្របដណ្ដប់ស្ថិតិស្ទើរតែទាំងអស់ទៅហើយ ប៉ុន្តែមិនរាប់បញ្ចូលជើងយន្តហោះដឹកអ្នកដំណើរធុនតូចៗ នៅក្នុងសេវាកម្មនោះឡើយ។ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ចំនួនអ្នកស្លាប់នៅក្នុងវិស័យអាកាសចរណ៍ បានធ្លាក់ចុះយ៉ាងខ្លាំង។ បើយោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍ ឬហៅកាត់ថា ASN បានឲ្យដឹងថា កាលពីឆ្នាំ២០០៥ មនុស្សសរុបចំនួន ១,០១៥នាក់ បានស្លាប់នៅលើជើងហោះហើរពាណិជ្ជកម្ម នៅទូទាំងពិភពលោក ដែលជាតួលេខខ្ពស់បំផុតមួយ។

ASN បានបន្ថែមទៀតថា នៅក្នុងរយៈពេល ០៥ឆ្នាំចុងក្រោយនេះ ជាមធ្យមចំនួនគ្រោះថ្នាក់នៅក្នុងវិស័យអាកាសចរណ៍មានចំនួន ១៤ករណី ដែលបានបណ្តាលឲ្យមនុស្ស ៣៤៥នាក់បានស្លាប់នៅក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៧ គឺពេលវលាដែលមានសុវត្ថិភាពបំផុត នៅក្នុងកំណត់ត្រារបស់វិស័យអាកាសចរណ៍នៅទូទាំងពិភពលោក ដោយមានគ្រោះថ្នាក់តែពីរលើកប៉ុណ្ណោះ ដែលបានបណ្តាលឲ្យមនុស្ស ១៣នាក់បានស្លាប់ និងគ្មានមនុស្សស្លាប់នៅលើយន្ដហោះដឹកអ្នកដំណើរធុនធំឡើយ។ ដោយឡែកសម្រាប់សហរដ្ឋអាមេរិក មិនបានរាយការណ៍ពីគ្រោះថ្នាក់ ដែលបង្កឲ្យអ្នកដំណើរបាត់បង់ជីវិត នៅក្នុងវិស័យអាកាសចរណ៍នោះឡើយ (យន្តហោះធុនធំ) គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៩មកម្ល៉េះ៕

ប្រភព៖ CNA (ថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១)