(ហាងណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពដើមពីចក្រភពអង់គ្លេស ខណៈករណីឆ្លងជំងឺសរុបនៅវៀតណាមកើនដល់ ១,៤៧៤ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,៤០៦នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ-១៩ ទម្រង់ថ្មីខាងលើនេះ បានកើតមានឡើងទៅលើស្ត្រីម្នាក់អាយុ ៤៤ឆ្នាំ ដែលបានធ្វើដំណើរពីចក្រភពអង់គ្លេស ត្រលប់មកប្រទេសវៀតណាមវិញ ហើយក្រុមជំនាញបានធ្វើតេស្តរកឃើញវីរុសទម្រង់ថ្មីនេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។ អ្នកឆ្លងវីរុស COVID-19 ទម្រង់ថ្មីជាច្រើនករណីរួចទៅហើយ ត្រូវបានរកឃើញនៅបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ក្នុងនោះមានដូចជា ចិន កូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌាជាដើម ដែលករណីទាំងនោះសុទ្ធសឹងតែនាំចូល មកពីចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា វីរុស COVID-19 ទម្រង់ថ្មី ត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងត្រូវបានក្រុមជំនាញអង់គ្លេសអះអាងថា មានសមត្ថភាពចម្លងលើសពីវីរុសទម្រង់ដើមរហូតដល់ទៅ ៤០-៧០%។ ខណៈដែលប្រទេសជាង ៥០ ទៅហើយបានផ្អាកជើងហោះហើរ ជាបណ្តោះអាសន្នជាមួយចក្រភពអង់គ្លេស ប្រទេសវៀតណាមវិញមិនទាន់ធ្វើដូច្នេះឡើយ ដោយសារតែជនជាតិខ្លួនជាច្រើន កំពុងជាប់គាំងនៅអង់គ្លេសនៅឡើយ៕