(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអាស៊ាន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញឲ្យមានសករាជថ្មីនៃសន្តិភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១។

ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសចិនត្រូវបានធ្វើឡើង នៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះ ជាមួយទីភ្នាក់ងារព័ត៌មានស៊ីនហួរ និងប្រព័ន្ធផ្សព្វផ្សាយចិនជាច្រើន។ ស្ថិតក្នុងឱកាសនោះ លោក Wang Yi បានកត់សម្គាល់ថា «ចាប់តាំងពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការចិន-អាស៊ាន យើងតែងតែផ្តោតសំខាន់លើការតម្រង់ទិស ទៅរកលទ្ធផលសមស្រប ជាពិសេសវិធានការឆ្លើយតប ដែលសមស្របនឹងស្ថានភាពជាក់ស្តែង។ ភាពជាដៃគូរវាងភាគីទាំងពីរ បានក្លាយជាគំរូនៃភាពជោគជ័យ និងមានលក្ខណៈរស់រវើកបំផុត ជុំវិញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់»។

លោក Wang បានបន្ថែមទៀតថា «ភាគីទាំងពីរបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត ជាលើកដំបូងនៅក្នុងឆ្នាំ២០២០។ ភាគីទាំងពីរបានរួមគ្នាដើម្បីជំរុញការចុះហត្ថលេខា លើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ឬហៅកាត់ថា RCEP ដែលជាតំបន់ពាណិជ្ជកម្មសេរីបំផុតនៅលើពិភពលោក បើគិតពីចំនួនប្រជាជន និងទំហំសេដ្ឋកិច្ចរួម។ នេះគឺជារបកគំហើញជាប្រវត្តិសាស្ត្រ នៅក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន»។

គួរបញ្ជាក់ថា ចិន-អាស៊ាននឹងប្រារព្ធខួបលើកទី ៣០ នៃទំនាក់ទំនងសន្ទនានៅក្នុងឆ្នាំ២០២១នេះ។ លោក Wang បានកត់សម្គាល់ថា ភាគីចិនទន្ទឹងរង់ចាំឱកាសថ្មីនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងចិន-អាស៊ាន។ រដ្ឋមន្ត្រីក្រសួងការបរទេសចិនរូបនេះ ក៏បានអំពាវនាវឲ្យភាគីទាំងពីរ បន្តធ្វើការរួមគ្នាដើម្បីកម្ចាត់ជំងឺរាតត្បាតសកល COVID-19, ធ្វើការឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយចីរភាព៕