(ប៉េកាំង)៖ មន្ត្រីត្រួតពិនិត្យជំងឺឆ្លងចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា មិនមានសញ្ញាថ្មី ដែលបង្ហាញថាវីរុសកូរ៉ូណាទម្រង់ថ្មី (COVID-19) នឹងប៉ះពាល់ដល់ភាពស៊ាំ នៃវ៉ាក់សាំងដែលប្រទេសចិន ទើបតែបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាសាធារណៈនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១។

វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm បានទទួលការអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពោលគឺមួយថ្ងៃ បន្ទាប់ពីមានព័ត៌មានអំពីករណីនាំចូលដំបូងនៅ ប្រទេសចិន ដែលមានប្រភពពីចក្រភពអង់គ្លេស។ លោក Xu Wenbo មន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា មិនចាំបាច់ ភ័យស្លន់ស្លោទេ ព្រោះថាវីរុសទម្រង់ថ្មីនេះ បើប្រៀបធៀបជាមួយទម្រង់មុន មិនមានការផ្លាស់ប្តូរជាក់ស្តែងចំពោះសមត្ថភាពបង្កឲ្យមានជំងឺបានឡើយ។ លោក Xu បានបន្ថែម ទៀតថា មិនមានផលប៉ះពាល់ណាមួយត្រូវបានរកឃើញលើប្រសិទ្ធភាពភាពស៊ាំរបស់វ៉ាក់សាំងនោះទេ។

គួរបញ្ជាក់ថា វីរុសកូរ៉ូណាទម្រង់ថ្មីដែលក្រមអ្នកវិទ្យាសាស្ត្រអង់គ្លេសបានដាក់ឈ្មោះថា VUI - 202012/01 បានបង្ហាញពីការផ្លាស់ប្តូរហ្សែននៅក្នុងប្រូតេអ៉ីន បើតាមទ្រឹស្តីវា សមត្ថភាពឆ្លងរីករាលដាលលឿនជាងមុន។ លោក Xu បានអះអាងថា ការផ្លាស់ប្តូរនៅក្នុងប្រូតេអ៉ីនរបស់វីរុសនឹងមិនប៉ះពាល់ដល់ប្រសិទ្ធភាព នៃវ៉ាក់សាំងដែលចិន អភិវឌ្ឍបានឡើយ៕