(ញូយ៉ក)៖ ទីភ្នាក់ងារអន្តរជាតិថាមពលអាតូមិច (IAEA) បានឱ្យដឹងថាអ៉ីរ៉ង់ នឹងចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ភាគរយ ដែលនេះជាទង្វើបំពានលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ ចំពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១។

បើតាម IAEA សារធាតុអ៊ុយរ៉ាញ៉ូមខាងលើ គឺមានកម្រិតតិចតួចនៅឡើយ ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ដែលត្រូវការសារធាតុអ៊ុយរ៉ាញ៉ូមដល់ទៅ៩០ភាគរយ ទើបអាច ផលិតបាន។ ក៏ប៉ុន្តែ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៥ អ៉ីរ៉ង់ត្រូវបានដាក់កំហិតឱ្យចម្រាញ់អ៊ុយរ៉ាញ៉ូម នៅក្រោម៤ភាគរយតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ បានចាប់ផ្ដើមធ្វើសកម្មភាពបំពានលើកិច្ចព្រមព្រៀង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទីក្រុងតេហេរ៉ង់ សាជាថ្មី។ យ៉ាងណាក៏ដោយ អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិន ដែលជាប្រទេសហត្ថលេខីដែរនោះ នៅតែសង្ឃឹមថាអាចស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ ជាពិសេសនៅក្រោយលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ជាផ្លូវការ៕