(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា គណៈរដ្ឋមន្រ្តីអ៊ីរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះ បានសម្រេចផ្តល់ប្រាក់សំណងចំនួន ១៥០,០០០ ដុល្លារអាមេរិក ដល់ក្រុមគ្រួសារជនរងគ្រោះនៃយន្តហោះអ៊ុយក្រែននិមួយៗទាំង ១៧៦នាក់ ដែលត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសអ៊ីរ៉ង់កាលពីខែមករាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arabic News នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ង់ បានលើកឡើងយ៉ាងដូច្នេះថា «គណៈរដ្ឋមន្រ្តី បានយល់ព្រមផ្តល់ប្រាក់សំណង ជូនដល់ក្រុមគ្រួសារនៃជនរងគ្រោះនៃការធ្លាក់យន្តហោះអ៊ុយក្រែនម្នាក់ៗ ក្នុងទឹកប្រាក់ចំនួន១៥០,០០០ដុល្លារអាមេរិក ឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន»

ដោយបានចាត់ទុកដំណោះស្រាយរបស់អ៊ីរ៉ង់ ចំពោះស្ថានការណ៍នេះថា «មិនអាចទទួលយកបាន» រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា ចំនួនទឹកប្រាក់នៃសំណងគួរតែត្រូវបានចរចាគ្នា ហើយអ្នកទទួលខុសត្រូវចំពោះរឿងនេះ ក៏ត្រូវតែនាំយកទៅកាត់ទោសផងដែរ។

គួរបញ្ជាក់ថា ខណៈដែលទំនាក់ទំនងអ៊ីរ៉ង់និងអាមេរិក បានឈានដល់ភាពតានតឹងបំផុតមួយ កាលពីដើមឆ្នាំ២០២០ ឆ្មាំបដិវត្តអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿង ដែលផ្ទុកអ្នកដំណើរ និងអាកាសយាននិកសរុប ១៧៦នាក់ នៅក្នុងដែនអាកាសរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេបានអះអាងថា វាកើតឡើងដោយកំហុសឆ្លងតែប៉ុណ្ណោះ៕