(ប៉េកាំង)៖ ប្រទេសចិនដែលគ្រប់គ្នាស្គាល់ថា ជាប្រទេសមានចំនួនប្រជាជន ច្រើនជាងគេបំផុតនៅលើពិភពលោកនេះ (១,៤៣៩លាននាក់) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះថា ខ្លួននឹងផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ជូនដល់ប្រជាជនទាំងអស់តែម្តង ដោយមិនគិតថ្លៃនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងដោយលោក ហ្សេង យីស៊ីន (Zeng Yixin) អនុប្រធាននៃគណៈកម្មការសុខាភិបាលជាតិចិន នៅក្នុងថ្ងៃព្រហស្បតិ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពី និយ័តករឱសថចិនបានប្រកាសអនុម័ត ឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ វិទ្យាស្ថានស្រាវជ្រាវផលិតផលជីវសាស្ត្រប៉េកាំង (BBPI) និងក្រុមហ៊ុនផលិតឱសថដ៏ធំគឺស៊ីណូផាម (Sinopharm) ដែលស្ថិតក្រោមការត្រួតពិនិត្យ ដោយក្រុមការងារថ្នាក់ជាតិចិន CNBG។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ផលិតនៅក្នុងស្រុកចំនួន ០៥ រួចទៅហើយ ដោយបូករួមទាំងវ៉ាក់សាំងរបស់ Sinopharm។ បើតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន វ៉ាក់សាំងចំនួន ១៤ ផ្សេងទៀតកំពុងស្ថិតក្នុងការធ្វើតេស្ត ក្នុងនោះ ០៥ កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ ដែលជាដំណាក់កាលចុងក្រោយ។

គួរបញ្ជាក់ថា ប្រទេសចិនក៏ត្រូវបានចាត់ទុកផងដែរថា បាននិងកំពុងគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 ក្នុងប្រទេសប្រកបដោយជោគជ័យ ប៉ុន្តែនៅមួយរយៈពេលខ្លីចុងក្រោយនេះ ការឆ្លងក្នុងសហគមន៍បានកើតមានឡើងជារឿយៗ ជាពិសេសនៅក្នុងរដ្ឋធានីប៉េកាំំង ដែលកំពុងបង្ខំឲ្យអាជ្ញាធរចិន បង្កើនការប្រុងប្រយ័ត្នឡើងវិញ ចំពោះមុខថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី៕