(បាងកក)៖ ក្រុមការងារគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានអះអាងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកឆ្លងជំងឺ COVID-19 សរុប ១៩៤នាក់ទៀតត្រូវបានរកឃើញ ក្នុងនោះភាគច្រើនបំផុត គឺជាករណីឆ្លងក្នុងសហគមន៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។

អាជ្ញាធរថៃបានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងទាំង ១៩៤នាក់នោះ គឺមាន ១៣នាក់ជាករណីនាំចូលពីក្រៅប្រទេស និង ១៨១នាក់ទៀត គឺជាករណីឆ្លងក្នុងស្រុកតែម្តង ហើយក៏មានករណីដែលជាប់ពាក់ព័ន្ធនឹង ការឆ្លងរាតត្បាតនៅក្នុងទីផ្សារលក់គ្រឿងសមុទ្រ នៃខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីប្រទេសនេះផងដែរ។

យោងតាមគេហទំព័រ Worldometers ប្រទេសថៃពេលនេះមានករណីឆ្លង COVID-19 សរុប ៦,៨៨៤នាក់ ក្នុងនោះស្លាប់ ៦១នាក់ និងជាសះស្បើយវិញ ៤,២៤០នាក់។ អាជ្ញាធរថៃក៏កំពុងបង្កើនការទប់ស្កាត ពលករចំណាកស្រុកខុសច្បាប់ នៅតាមព្រំដែនរបស់ខ្លួនផងដែរ ជាពិសេសព្រំដែនមីយ៉ាន់ម៉ា ក៏ព្រោះតែប្រទេសជិតខាងថៃមួយនេះ កំពុងផ្ទុះករណីឆ្លង COVID-19 ខ្លាំងនៅឡើយ៕