(ប៉េកាំង)៖ និយ័តករឱសថចិននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ វិទ្យាស្ថានស្រាវជ្រាវផលិតផលជីវសាស្ត្រប៉េកាំង (BBPI) និងក្រុមហ៊ុនផលិតឱសថដ៏ធំគឺស៊ីណូផាម (Sinopharm) ដែលស្ថិតក្រោមការត្រួតពិនិត្យ ដោយក្រុមការងារថ្នាក់ជាតិចិន CNBG។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២០។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Sinopharm កាលពីម្សិលមិញបានប្រកាសឱ្យដឹងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពជិត ៨០% ប្រឆាំងជំងឺ COVID-19 ដោយដកស្រង់ចេញពី ការវិភាគទិន្នន័យបណ្តោះអាសន្ន នៅក្នុងការធ្វើតេស្តសាកល្បង ដំណាក់កាលចុងក្រោយ។ ទោះបីជាព័ត៌មានលម្អិតតិចតួច ត្រូវបានផ្តល់ឱ្យក៏ដោយ ក៏ក្រុមហ៊ុនដ៏ធំរបស់ចិនមួយនេះបានគូសបញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួនគឺស្របតាមស្តង់ដាររបស់ អង្គការសុខភាពពិភពលោក (WHO), និយ័តករឱសថចិន និងរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្ត្រជាតិ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង ប្រទេសចិនបានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងប្រឆាំងវីរុស COVID-19 ផលិតនៅក្នុងស្រុកចំនួន ០៥ រួចទៅហើយ ដោយបូករួមទាំងវ៉ាក់សាំងរបស់ Sinopharm។ បើតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន វ៉ាក់សាំងចំនួន ១៤ ផ្សេងទៀតកំពុងស្ថិតក្នុងការធ្វើតេស្ត ក្នុងនោះ ០៥ កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ ដែលជាដំណាក់កាលចុងក្រោយ៕