(អង់ការា៉)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនផលិតឱសថចិន SinoVac ចំនួន ៣លានដូសដំបូង បានមកដល់រដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីហើយ នៅព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន TRT នៅយប់ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគី លោក Fahrettin Koca បាននិយាយថា ទីក្រុងអង់ការ៉ានឹងទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន SinoVac ចំនួន ៥០លានដូស ខណៈដែល ២០លានដូសដំបូង នឹងដឹកមកដល់ក្នុងអំឡុងពេលខែធ្នូ និងមករា។ រដ្ឋមន្ត្រីរូបនេះ ក៏បានប្រកាសផងដែរថា ប្រទេសនេះនឹងបញ្ជាទិញវ៉ាក់សាំង ពីក្រុមហ៊ុនមួយផ្សេងទៀត គឺក្រុមហ៊ុនជីវបច្ចេកវិទ្យា BioNTech របស់អាល្លឺម៉ង់ រហូតដល់ ៣០លានដូសបន្ថែមទៀតផងដែរ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនឹងប្រព្រឹត្តទៅ បន្ទាប់ពីការធ្វើតេស្តរយៈពេល ១៤ថ្ងៃរួចរាល់។ លោក Koca បានលើកឡើងយ៉ាងដូច្នេះថា«នៅពេលការធ្វើតេស្តត្រូវបានបញ្ចប់ កម្មវិធីចាក់វ៉ាក់សាំងរបស់យើងនឹងប្រព្រឹត្តទៅ ក្រោមការសម្របសម្រួលពីអគ្គនាយកដ្ឋានសុខភាពសាធារណៈ»។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ តួកគីបានកត់ត្រាករណីឆ្លងសរុបជាង ២លានករណី ក្នុងស្លាប់ ២០,៣៨៨នាក់ និងជាសះស្បើយ ២,០៥៨,៤៣៧នាក់៕