(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ២៥០នាក់បន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៦,៦៩០ករណី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើទាំង ២៥០នាក់ ក្នុងនោះរួមមាន ២៤១នាក់ជាករណីឆ្លងក្នុងសហគមន៍, ម្នាក់ជាពលករចំណាកស្រុកខុសច្បាប់ មកពីមីយ៉ាន់ម៉ា និង ០៨នាក់ជាករណីនាំចូល។ លើសពីនេះទៅទៀត ក្នុងចំណោមករណីឆ្លងទាំងអស់ទៀតសោត ក៏មានអ្នកឆ្លង ០៩នាក់ ត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធនឹងផ្សារលក់គ្រឿងសមុទ្រ ក្នុងខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីប្រទេសផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នថៃមានអ្នកឆ្លង COVID-19 សរុប ៦,៦៩០នាក់ ក្នុងនោះអ្នកស្លាប់ ៦១នាក់ និងជាសះស្បើយឡើងវិញ ៤,២១២នាក់ ឬស្មើនឹង ៦២.៩ភាគរយ។ អាជ្ញាធរថៃក៏កំពុងបង្កើនការទប់ស្កាត ពលករចំណាកស្រុកខុសច្បាប់ នៅតាមព្រំដែនរបស់ខ្លួនផងដែរ ជាពិសេសព្រំដែនមីយ៉ាន់ម៉ា ក៏ព្រោះតែប្រទេសជិតខាងថៃមួយនេះ កំពុងផ្ទុះករណីឆ្លង COVID-19 ខ្លាំងនៅឡើយ ដោយគិតត្រឹមថ្ងៃពុធនេះ មីយ៉ាន់ម៉ាមានករណីឆ្លងសរុប ១២៣,១៥៣ករណី ក្នុងនោះស្លាប់ ២,៦៣៦នាក់ និងជាសះស្បើយវិញជាង ១០៥,២៧៩នាក់៕