(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃពុធនេះបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូផាម (Sinopharm) មានប្រសិទ្ធភាពរហូតដល់ ៧៩.៣៤ភាគរយហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

លទ្ធផលខាងលើនេះ គឺផ្អែកលើការវិភាគបណ្តោះអាសន្នទៅលើទិន្នន័យ បានមកពីការធ្វើតេស្តសាកល្បងដំណាក់កាលទី ៣ (ចុងក្រោយ) របស់ Sinopharm ប៉ុន្តែក្រុមហ៊ុនចិនមួយនេះ មិនទាន់បានផ្តល់ព័ត៌មានលម្អិត ដូចជាចំនួននៃការឆ្លងជាដើម នៅក្នុងការធ្វើតេស្តសាកល្បងនេះឡើយ។

ការបញ្ចេញលទ្ធផលមិនទាន់ផ្លូវការ នៃការធ្វើតេស្តវ៉ាក់សាំងចិនខាងលើនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនចិនមួយទៀតគឺ Sinovac បានបង្ហាញប្រសិទ្ធភាពរហូតដល់ទៅជាង ៩០% ក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ នៅប្រទេសតួកគី ដែលបាននាំឲ្យរដ្ឋាភិបាលតួកគី ធ្វើការបញ្ជាទិញវាភ្លាមៗពីចិនផងដែរ។

បើតាមក្រុមហ៊ុនចិន Sinopharm ប្រជាជនជាង ១លាននាក់រួចទៅហើយ បានទទួលការចាក់វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុននេះនៅក្នុងប្រទេសចិនផ្ទាល់ ក្រោមកម្មវិធីប្រើប្រាស់បន្ទាន់ ក្នុងនោះរួមមានបុគ្គលិកសុខាភិបាលជួរមុខ និយោជិកសហគ្រាសរដ្ឋ និងកម្មករ-និស្សិតដែលធ្វើដំណើរទៅបរទេស។

គួរបញ្ជាក់ថា ដោយផ្អែកលើប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួន ទីក្រុងប៉េកាំងបានសន្យាថា នឹងចែកវ៉ាក់សាំងនេះក្នុងតម្លៃសមរម្យ ដែលជាការជំរុញទឹកចិត្តមួយ សម្រាប់បណ្តាប្រទេសក្រីក្រក្នុងទ្វីបអាស៊ី ដែលកំពុងរង់ចាំការចែកចាយវ៉ាក់សាំង តាមរយៈគំនិតផ្តួចផ្តើមផលិត វ៉ាក់សាំងរួម COVAX របស់អង្គការសុខភាពពិភពលោក (WHO)៕