(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តហើយលើការលក់គ្រាប់បែកឆ្លាតវៃ ៣,០០០គ្រាប់ នៅក្រោមកិច្ចព្រមព្រៀងលក់អាវុធមួយមានតម្លៃ ២៩០ពាន់លានដុល្លារ ឱ្យប្រទេសអារ៉ាប៊ីសាអូឌីត តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវវេចបង្វិចចេញពីសេតវិមាន។ នេះបើតាមមន្ទីរបញ្ចកោណដកស្រង់ ការផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

បើតាមមនី្ទរបញ្ចកោណ កញ្ចប់លក់អាវុធខាងលើ ក្នុងនោះមានរាប់បញ្ចូលគ្រាប់បែកឆ្លាតវៃ GBU-39 បំពាក់លើយន្ដហោះចម្បាំង ៣,០០០គ្រាប់, បរិក្ខាគាំទ្រនានា, ជំនួយបច្ចេកទេស និងគ្រឿងបន្លាស់ជាដើម។ បន្ថែមពីលើនេះ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ នៃមន្ទីរបញ្ចកោណ ក៏បានជូនដំណឹងពីការលក់អាវុធ នេះដល់សភាទាំង២ របស់សហរដ្ឋអាមេរិក រួចហើយដែរ។

គួរបញ្ជាក់ថា ការអនុម័តលើការលក់អាវុធខាងលើរបស់ក្រសួងការបរទេសអាមេរិក កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ ត្រូវវេចបង្វិច ចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ជាថ្ងៃដែលលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីជាផ្លូវការ។ លោក បៃដិន ធ្លាប់បានសន្យាថា លោកនឹងបញ្ឈប់ការលក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត ដែលម៉ូយទិញអាវុធដ៏ធំក្នុងតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក ដើម្បីជាការដាក់សម្ពាធឱ្យទីក្រុងរីយ៉ាដ បញ្ចប់ សង្រ្គាមក្នុងប្រទេសយ៉េមែន៕