(វ៉ាស៊ីនតោន)៖ អនាគតអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានទទួលការចាក់វ៉ាក់សាំង COVID-19 ដូសទីមួយរួចហើយ ដោយដំណើរការនេះត្រូវបានផ្សាយផ្ទាល់ (live) នៅតាមកញ្ចក់ទូរទស្សន៍ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

ការចាក់វ៉ាក់សាំងរបស់លោកស្រី Harris ធ្វើឡើងនៅឯមណ្ឌលវេជ្ជសាស្ត្រ United (United Medical Center) ដែលមានមូលដ្ឋាននៅក្នុង រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី និងជាប្លុកដែលមានជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក រស់នៅច្រើនកកកុញ។ លោកស្រី Harrise ក៏បានអំពាវនាវផងដែរ ឲ្យពលរដ្ឋអាមេរិកាំងទាំងអស់ មានទំនុកចិត្តចំពោះដំណើរការ ចែកចាយវ៉ាក់សាំង COVID-19 នេះ។

អនាគតអនុប្រធានាធិបតីអាមេរិកជាស្ត្រីដំបូង និងមានស្បែកខ្មៅផងដែរនោះ បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំចង់រំលឹកដល់ប្រជាជនទាំងឡាយនៅទីនេះ (សហគមន៍ជនជាតិស្បែកខ្មៅ) ថា ពួកគេទុកចិត្តចំពោះប្រភពនៃជំនួយ ហើយដែលប្រការនេះហើយ ទើបពួកគេអាចទៅកាន់ទីនោះ ដើម្បីទទួលការចាក់វ៉ាក់សាំង»។ សម្រាប់វ៉ាក់សាំងដែលលោកស្រី Harris ទើបតែបានចាក់នេះ គឺជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Moderna។

បើតាមរបាយការណ៍ក្នុងស្រុករបស់អាមេរិក ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក បាននិងកំពុងប្រឈមមុខអត្រាឆ្លង និងស្លាប់ខ្ពស់ជាងគេដោយសារ COVID-19។ ដោយសារតែហេតុនេះហើយ ទើបសហគមន៍ជនជាតិស្បែកខ្មៅ បានអំពាវនាវឲ្យសហគមន៍ពួកគេ ទទួលបានអាទិភាព សម្រាប់ការចាក់វ៉ាក់សាំង COVID-19។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានវ៉ាក់សាំងចំនួន ០២ ដែលត្រូវបានអនុម័តជាផ្លូវការ ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNtech និងក្រុមហ៊ុន Moderna៕