(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសពីការរកឃើញនូវករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីលើកដំបូងបំផុត នៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០។

ការប្រកាសពីការរកឃើញវីរុស COVID-19 ទម្រង់ថ្មី ឬគេស្គាល់ថា B117 ដែលត្រូវបានរកឃើញមុនគេ ក្នុងចក្រភពអង់គ្លេសនេះ ត្រូវបានធ្វើឡើងដោយអភិបាលរដ្ឋ Colorado លោក ហ្សារែដ ផូលីស (Jared Polis)។ លោក Jared Polis បានឱ្យដឹងទៀតថា អ្នកឆ្លងវីរុសទម្រង់ថ្មីនេះ គឺជាបុរសម្នាក់មានអាយុប្រហែល ២០ឆ្នាំ ហើយបច្ចុប្បន្នបុរសរូបនេះ កំពុងស្ថិតនៅដាច់ដោយឡែកពីគេ នៅក្នុងតំបន់ អ៊ែលប៊ឺត ខោនធី (Elbert County) និងមិនមានប្រវត្តិធ្វើដំណើរឡើយ។

គួរបញ្ជាក់ថា ករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីនៅក្នុងរដ្ឋ Colorado គឺជាករណីឆ្លងដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយអាជ្ញាធរកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនង ដោយផ្ទាល់ជាមួយបុរសរូបនេះ៕