(តូក្យូ)៖ សារព័ត៌មានជប៉ុន សាន់កៃ ស៊ីមប៊ុន (Sankei Shimbun) នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថាប្រទេសជប៉ុន កំពុងអភិវឌ្ឍមីស៊ីលស៊េរីថ្មីមួយដោយយក គំរូតាមមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិក។

សារព័ត៌មាន Sankei Shimbun ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានបញ្ជាក់ទៀតថា មីស៊ីលថ្មីរបស់ជប៉ុន នឹងមានសមត្ថភាពបាញ់បានចម្ងាយ ២,០០០គីឡូម៉ែត្រ ហើយដែលចម្ងាយនេះសមល្មមអាចបាញ់ដល់គោលដៅលើដីគោក នៅក្នុងប្រទេសចិន និងកូរ៉េខាងជើង។ ម្យ៉ាងវិញទៀត តាមរយះចម្ងាយ២,០០០គីឡូម៉ែត្រនេះទៀតសោត វានឹងធ្វើឱ្យមីស៊ីលថ្មីនេះ មានសមត្ថភាពប្រហាក់ប្រហែលនឹងមីស៊ីលអាមេរិក Tomahawk ដែលអាចបាញ់បាន ២,៤០០គីឡូម៉ែត្រ។

គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន មិនបានបញ្ចេញប្រតិកម្មអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Sankei Shimbun ឡើយ។ ប៉ុន្តែ បើតាមរដ្ឋធម្មនុញ្ញសព្វថ្ងៃ ជប៉ុនត្រូវបាន ហាមឃាត់ ក្នុងការប្រើប្រាស់កម្លាំងយោធាដោយខុសច្បាប់ ហើយបច្ចុប្បន្ន ក៏គ្មាននាវាចម្បាំងជប៉ុនណាមួយ មានបំពាក់មីស៊ីលដែលមានសមត្ថភាពវាយប្រហារគោលដៅ នៅលើដីគោក នោះដែរ៕