(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានបញ្ចេញកញ្ចប់ថវិកា ៩.៣ទ្រីលានវ៉ុន (៨.៤៩ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច ព្រមទាំងប្រជាជនដែលរងផលប៉ះពាល់ដោយសាររលកទី ៣ នៃការឆ្លងរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

បើតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង កញ្ចប់ថវិកា ៥.៦ទ្រីលានវ៉ុន នឹងត្រូវបានប្រើប្រាស់ជាថវិកាជំនួយ ដល់សហគ្រាសខ្នាតតូច និងអ្នកធ្វើការក្រៅម៉ោង ឬបណ្ដោះអាសន្ន រួមទាំងអ្នកប្រកបរបរបើករថយន្ដឈ្នួល (taxi) ដែលកំពុងរងគ្រោះដោយសារតែ COVID-19។ ក្រសួងបន្ថែមទៀតថា កញ្ចប់ថវិកា ២.៩ទ្រីលានវ៉ុននឹងត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់សហគ្រាសខ្នាត និងមធ្យមក្នុងនោះរួមមានសណ្ឋាគារ ព្រមទាំងរម្មណីយដ្ឋានជិះស្គី ខណៈ ០.៨ទ្រីលានវ៉ុន សម្រាប់ផ្គត់ផ្គង់ប្រព័ន្ធសុខាភិបាលសាធារណៈ។

គួរបញ្ជាក់ថា ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង ក៏រំពឹងដែរថាកញ្ចប់ថវិកាខាងលើ នឹងត្រូវផ្ដល់ជូនចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ ដោយវាអាចនឹងជួយដល់ប្រជាជនយ៉ាងហោច ៥.៨លាននាក់។ ដោយឡែកនៅព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងត្បូងក៏ទើបតែរាយការណ៍ ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៤៥ករណី និងមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មាន រហូតដល់ទៅ ៤០នាក់ផងដែរ ក្នុងមួយថ្ងៃ។

យោងតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃអង្គារនេះ កូរ៉េខាងត្បូងមានករណីឆ្លងជំងឺ COVID-19 សរុប ៥៨,៧២៥ករណី ក្នុងនោះស្លាប់ ៨៥៩នាក់ និងជាសះស្បើយឡើងវិញ ៤០,៧០៣នាក់៕