(ម៉ាឌ្រីដ)៖ ទិន្នន័យដែលត្រូវបានចេញផ្សាយ ដោយក្រសួងសុខាភិបាលអេស្ប៉ាញ នៅដើមសប្ដាហ៍នេះបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនឡើងដល់ជាង ៥ម៉ឺននាក់ហើយ ខណៈចំនួនអត្រាឆ្លងបានធ្លាក់ចុះជាលើកដំបូង មិនធ្លាប់មានក្នុងរយៈពេលជិត ៣សប្តាហ៍មកនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០។

ករណីឆ្លង COVID-19 ថ្មីៗសរុប ២៤,៤៦២ករណី ត្រូវបានរាយការណ៍ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសកើនឡើងដល់ជិត ១.៨៨លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ៥០,១២២នាក់។ នេះគឺជាទិន្នន័យផ្លូវការដំបូងបង្អស់ ដែលរដ្ឋាភិបាលអេស្ប៉ាញបានចេញផ្សាយ ចាប់តាំងពីប្រទេសនេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ប្រធានមជ្ឈមណ្ឌលសុខាភិបាលសង្គ្រោះបន្ទាន់អេស្ប៉ាញ លោក ហ្វឺណាន់ដូ សាយមិន (Fernando Simon) បានគូសបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានមួយថា ទិន្នន័យក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ បានបង្ហាញពីស្ថេរភាព នៅក្នុងការគ្រប់គ្រងកម្រិតនៃការឆ្លង និងការកាត់បន្ថយចំនួនអ្នកស្លាប់។ តែទោះយ៉ាងណាលោក Simon បានព្រមានថា តួលេខអាចត្រូវបានកែប្រែនៅប៉ុន្មានថ្ងៃខាងមុខទៀត ព្រោះថ្ងៃឈប់សម្រាកបុណ្យណូអែលកាលពីប៉ុន្មានថ្ងៃមុន អាចធ្វើឲ្យអត្រាឆ្លងកើនឡើងវិញ៕