(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន ១០ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ១,៤៥១ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

ករណីឆ្លងថ្មីខាងលើ ដែលសុទ្ធសឹងតែជាជនជាតិវៀតណាម ក្នុងចំណោមនោះមាន ០៩នាក់ ទើបតែបានវិលត្រឡប់មកពីប្រទេសរុស្ស៊ី និងម្នាក់ទៀត រកឃើញលើបុរសម្នាក់ដែលបានឆ្លងព្រំដែនខុសច្បាប់ចូលក្នុងប្រទេស ជាមួយបុរសម្នាក់ទៀត ដែលតេស្តឃើញវិជ្ជមាន កាលពីពេលកន្លងទៅ។

ក្នុងរយៈពេលដូចគ្នានេះ ក្រសួងសុខាភិបាលវៀតណាមក៏បានរាយការណ៍ថា មានអ្នកជំងឺជាសះស្បើយចំនួន ១៥នាក់ទៀតផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ វៀតណាមបានកត់ត្រាករណីឆ្លងសរុប ១,៤៥១ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,៣០៣នាក់៕