(ហ្សាការតា)៖ ភ្ញៀវទេសចរបរទេសទាំងអស់ នឹងត្រូវបានហាមមិនឱ្យចូលមកក្នុងប្រទេសឥណ្ឌូណេស៊ី សម្រាប់រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 ទម្រង់ថ្មី។ នេះបើតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដកស្រង់ចេញផ្សាយពីសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានឱ្យដឹងទៀតថា បម្រាមថ្មីខាងលើ នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករាក្រោយនេះតទៅ ហើយការ សម្រេចចិត្តបែបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរឥណ្ឌូណេស៊ី បានដាក់បម្រាមលើអ្នកដំណើរមកពីចក្រភពអង់គ្លេស និងដាក់ចេញវិធានការរឹតត្បិតជាច្រើនលើអ្នកដំណើរមកពី តំបន់អឺរ៉ុប រួមទាំងអូស្ត្រាលី សំដៅទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 ទម្រង់ថ្មី។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០នេះ ឥណ្ឌូណេស៊ី ក៏បានដាក់បម្រាមលើភ្ញៀវទេសចរទាំងអស់ មិនឱ្យចូលមកក្នុងប្រទេសរបស់ខ្លួនផងដែរ លើកលែងតែអ្នកធ្វើដំណើរ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម។ ប៉ុន្តែ បម្រាមលើកនេះ គឺនឹងត្រូវអនុវត្តលើអ្នកដំណើរបរទេសទាំងអស់តែម្ដង ដោយលើកលែងតែមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលមកពីប្រទេស នានា តែប៉ុណ្ណោះ។ បើតាមគេហទំព័រ worldometers ឥណ្ឌូណេស៊ី គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ មានអ្នកឆ្លង COVID-19 ៧១៩,២១៩នាក់ ក្នុងនោះស្លាប់ ២១,៤៥២នាក់ និងជាសះស្បើយឡើងវិញ ៥៨៩,៩៧៨នាក់៕