(លីបង់)៖ មេដឹកនាំចលនានយោបាយហេសប៊ូលឡា (Hezbollah) ក្នុងប្រទេសលីបង់ លោក ហាសាន់ ណាស្រល់ឡោះ (Hassan Nasrallah) បាននិយាយថា ការធ្វើឃាត មេទ័ពកំពូលអ៉ីរ៉ង់ លោក កសឹម សូឡៃម៉ានី (Qasem Soleimani) មិនមែនជាទង្វើឧក្រិដ្ឋ ដែលប្រព្រឹត្តឡើងដោយសហរដ្ឋអាមេរិកតែម្នាក់ឯងនោះទេ តែវាមានការញុះញង់ អុជអាលពីប្រទេសមួយចំនួនតូច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០។

លោក Nasrallah ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ អាល់-ម៉ៃយ៉ាឌីន (Al-Mayadeen) កាលពីថ្ងៃអាទិត្យម្សិលមិញ។ ថ្លែងនាឱកាសនោះ មេដឹកនាំក្រុម Hezbollah រូបនេះ បានចោទប្រកាន់ត្រង់ៗថាអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត គឺជាអ្នកញុះញង់អុជអាលឱ្យសហរដ្ឋអាមេរិកសម្លាប់លោក Soleimani។ លោក Nasrallah បានលើកឡើងយ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំជឿជាក់ថា អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត គឺជាអ្នកញុះញង់អុជអាល ឱ្យសហរដ្ឋអាមេរិកប្រព្រឹត្តអំពើឧក្រិដ្ឋបែបនេះ (សម្លាប់លោក Soleimani)»។ តែទោះជាបែបនេះក្ដី អ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត មិនទាន់បញ្ចេញប្រតិកម្មអ្វី ទៅនឹងការចោទប្រកាន់របស់លោក Nasrallah នៅឡើយទេ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Nasrallah ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងខួបមួយឆ្នាំនៃមរណភាពរបស់លោក Qasem Soleimani ដែលត្រូវបានយន្ដហោះដ្រូន អាមេរិក សម្លាប់នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ បើតាមក្រុមមន្ត្រីអាមេរិក អ៉ីរ៉ង់ ឬក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ អាចនឹងប្រើប្រាស់ថ្ងៃខួបនេះ ដើម្បីសងសឹកដោយបើកការវាយប្រហារលើសហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តណាមួយរបស់អាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា៕